ក្រុងឡាវេហ្គាសៈ កីឡាករប្រដាល់ សកលវាយ មិនដែលចាញ់ Floyd Mayweather នឹងឡើង ជួបគូប្រកួត ថែមទាំងដាក់ ខ្សែក្រវាត់ទម្ងន់ធ្ងន់ ពិភពលោកទល់នឹង កីឡាករអាហ្សង់ទីន Marcos Maidana នាព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៤ ចុងសប្តាហ៍នេះ ពីជំនួបលើកទី១ ។
ការប្រកួតដែល នឹងធ្វើឡើង នៅលើសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាម៉េរិក នឹងក្លាយជាព្រឹត្តិការណ៍ ដ៏គួរឲ្យចាប់អារម្មណ៍ មួយផ្សេងទៀត និងកក្រើកសង្វៀនផងដែរ នៅក្រោយពេលដែល ស្តេចប្រដាល់លេខ១ ពិភពលោក ម៉ានី ប៉ាក់គីអៅ បានផ្តួលជើងខ្លាំង អាម៉េរិក Timothy Bradley និងឈ្នះខ្សែក្រវាត់មក វិញផងដែរដែល អាចជាស្រមោលអន្ទោល តាមប្រាណ ឬក៏យ៉ាងណាសម្រាប់ Mayweather ព្រឹកស្អែកនេះ?
ស្តេចប្រដាល់កម្ពស់ ១,៧៣ម៉ែត្រ អាយុ ៣៧ឆ្នាំ Floyd Mayweather ពុំធ្លាប់មានប្រវត្តិចាញ់ និងស្មើម្តងណាឡើយ ពោលគឺឈ្នះទាំង ៤៥ដងពី ការឡើង សង្វៀនសរុបរបស់ខ្លួន នាពេលកន្លងក្នុងនោះ ធ្លាប់បានផ្តួលគូប្រកួត ឲ្យសន្លប់បាន ២៦ដង ។ មួយប្រកួតចុងក្រោយ Floyd បានវាយឈ្នះ កីឡាករ Robert Guerrero និង Canelo Alvarez នាអំឡុង ចុងឆ្នាំ២០១៣ ។
ដោយឡែកសម្រាប់ គូប្រជែងគូប្រជែង Marcos Maidana វ័យ៣០ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រវិញមាន ប្រវត្តិប្រកួតបាន ចំនួន៣៨ដង ឈ្នះ៣៥ដង ចាញ់៣ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យ សន្លប់នៅលើសង្វៀនបាន ចំនួន៣១ដង ច្រើនជាង Mayweather ទៅទៀត ៕