ក្រុងមែនឆេស្ទើៈ ក្លឹបបិសាចក្រហម Manchester United បានបណ្តេញ គ្រូបង្វឹក David Moyes ចេញពីតំណែង ក្រោយពីការដឹកនាំ ដ៏អន់បំផុត រយៈពេល ៩ខែមកនេះ នៅ Old Trafford ដែលបានជំនួស កៅអីគ្រូបង្វឹកឆ្នើម Sir-Alex Ferguson កាលពីរដូវកាលមុន ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា ម្ចាស់ក្លឹប និងសមាជិកក្លឹបទាំងអស់បានប្រជុំដោយសំងាត់ក្នុងការ ដកតំណែងលោក David Moyes បើទោះបីជាអ្នកចាត់ការ ជនជាតិស្កុតឡេន វ័យ៥០ ឆ្នាំរូបដឹកនាំ Man Utd មិនបានមួយរដូវកាល ក៏ដោយក្នុងកិច្ចសន្យា ទាំងមូលរយៈពេល៦ឆ្នាំ បន្ទាប់ពីចាកចេញពីក្លឹប Everton នោះដោយមានមិត្ត Ferguson របស់គាត់ ជាអ្នកជ្រោមជ្រែង ឲ្យមកកាន់ ក្លឹប Man Utd នេះ។
ទាក់ទងទៅនឹងបញ្ហានេះដែរ របាយការណ៍មួយ ដែលចេញដោយក្លឹប Man Utd បានបញ្ជាក់ផងដែរថា “ក្លឹបសូមថ្លែង អំណរគុណចំពោះលោក David Moyes ដែលបានព្យាយាម ធ្វើការងារនេះអស់ពី កម្លាំងកាយចិត្ត ដោយស្មោះស្ម័គ្រ និងប្រកប ទៅទំនួលត្រូវខ្ពស់ បើទោះបីជាពុំសូវ ទទួលបាន លទ្ធផលល្អក៏ដោយក្នុងនាម ជាគ្រូបង្វឹកបង្គោល” ។
សូមបញ្ជាក់ថា លោក Moyes កាន់តែធ្វើឲ្យពិភពលោក ទាំងមូលដកសេចក្តីទុកចិត្ត ទាំងស្រុងនៅពេលគាត់ បានដឹកនាំ Man Utd ប្រកួតចាញ់ ក្រុមម្ចាស់ផ្ទះ Everton ២-០ កាលពីចុងសប្ដាហ៍មុន ក្នុង Premier League ដែលវាជាការបរាជ័យ លើកទី១១ នៅក្នុងរដូវកាលនេះ ក្រោយពីជ្រុះចេញពី ក្របខណ្ឌ UEFA Champions League ក្រោមថ្វីជើង ក្រុម Bayern Munich របស់អាល្លឺម៉ង់ ក្នុងវគ្គ៨ក្រុម និងធ្វើឲ្យ Man Utd បាត់បង់កៅអី នៅ Champions League នារដូវកាលក្រោយផងដែរ ជាប្រវត្តិសាស្រ្ត របស់ក្លឹប ខណៈដែលកំពុងឈរ នៅលេខរៀងទី៧ បណ្តោះអាសន្នក្នុងលីក ដោយមានត្រឹមតែ ៥៧ពិន្ទុប៉ុណ្ណោះ ។
មួយវិញទៀត David Moye បានដឹកនាំ Man Utd ធ្លាក់ចេញពី ពានរង្វាន់លំដាប់ទី២ របស់អង់គ្លេស FA Cup ក្នុងជុំទី៣ ក្រោមថ្វីជើងក្រុមហ្វូងក្ងាន Swansea មិនគួរឲ្យជឿជាមួយនឹង ការខ្ជះខ្ជាយលុយ អស់ចំនួន ១៥០លានផោនទិញ កីឡាករ Maruuane Fellaini មកពីក្លឹប Everton និង Juan Mata ពីក្លឹបតោខៀវ Chelsea ជាដើម ៕