ក្រុងរ៉ូមៈ បន្ទាប់ពីប្រកួត បញ្ចប់ក្នុងជើងទី២ នៃវគ្គ៨ក្រុមចុងក្រោយ នាយប់មិញនេះរួចមក បន្សល់ទុក នូវ៤ក្រុម ខ្លាំងមាន Juventus, Benfica, Sevilla និង Valencia ឡើងទៅកាន់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ (វគ្គ១/២) នៃព្រឹត្តិការណ៍ពាន រង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League (UEFA Cup) រដូវកាលឆ្នាំ២០១៣-២០១៤នេះ ។
ក្រុមជើងឯកអ៊ីតាលីសេះបង្កង់ Juventus បានឆ្លងផុតទុក្ខភ័យ មួយគ្រាទៀតនៅក្រោយពេល ដែលបាន យកឈ្នះក្រុម មកពីប្រទេសបារាំង Lyonnais ទាំងពីរជើងដោយលទ្ធផល ៣-១ ក្នុងខណៈដែលយប់ មិញនេះ បានបន្តយកឈ្នះ ២-១ ទៀតក្នុងទឹកដីរបស់ខ្លួនពីធ្វើបាន សម្រេចដោយកីឡាករ Andrea Pirlo និងការធ្វេសប្រហែសឲ្យចូលទីខ្លួនឯងពី សំណាក់កីឡាករ Lyon, Samuel Umtiti នៅនាទីទី៤ និង ៦៨ ជាមួយនឹងក្រុមភ្ញៀវ តាមបានស្មើ ១-១ ផងដែរក្នុងវគ្គ ទី១ពីការធ្វើបានសម្រេច ដោយកីឡាករ Jimmy Briand នៅនាទី១៨ នៅពេលដែលជើងទី១ Juventus ស៊ីតែ ១-០ នៅទឹកដីរបស់ Lyon ។
យ៉ាងណាមិញក្រុមរងជើងឯកឆ្នាំទៅ Benfica របស់ព័រទុយហ្គាល់ក៏បានយកឈ្នះគូប្រជែង ទាំងពីរជើង ផងដែរ ដោយ លទ្ធផល ៣-០ ស្របពេលដែលយប់មិញនេះ បន្តធ្វើបានល្អដដែលដោយ បានបំបាក់ ក្រុមភ្ញៀវមក ពីហូឡង់ AZ Alkmaar មិនឲ្យងើបមុខរួច ២-០ ពីការធ្វើបានសម្រេចដោយកីឡាករ Rodrigo ទាំង២គ្រាប់ នៅនាទីទី៣៩ និង ៧១ នៅពេលដែលក្នុងជើងទី១ បានយកឈ្នះនៅទឹកដីរបស់ AZ Alkmaar ដោយលទ្ធផលបច្ចេកទេស ១-០ ដែរនោះ ។
Benfica វីសនឹងឈ្នះពាន UEFA Cup បាត់ទៅហើយកាលពីរដូវកាលមុន ដោយសារចាញ់ក្រុមខ្លាំង ប្រចាំ អង់គ្លេស តោខៀវ Chelsea នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ២-១ ដែលនេះជារយៈពេល២ចុងក្រោយ ជាប់ គ្នាដែល Benfica ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលការចាប់ឆ្នោតជ្រើសរើស គូប្រកួត នឹងធ្វើឡើង នៅល្ងាចថ្ងៃនេះនាទីស្នាក់ការ កណ្តាលរបស់ UEFA ស្ថិតក្នុងប្រទេសស្វីស ស្រប ពេលដែលចាប់ឆ្នោត វគ្គ៤ក្រុមដូចគ្នាក្នុង UEFA Champions League ដែរនោះ ។
២ក្រុមទៀតរបស់អេស្ប៉ាញមាន Sevilla និង Valencia ក៏បានឈានជើងចូលក្នុងវគ្គពាក់ កណ្តាលផ្តាច់ ព្រ័ត្រ ផងដែរ នៅក្រោយពេល ដែលម្ចាស់ផ្ទះ Sevilla បានវាយបកឈ្នះក្រុមភ្ញៀវ FC Porto របស់ ព័រទុយហ្គាល់ រហូតដល់ទៅ ៤-១ ក្នុងខណៈដែលជើងទី១ បានរបូត ១-០ នៅទឹកដីរបស់ Porto ដោយសរុបលទ្ធផល ទាំងពីរជើងគឺ ៤-២ ស្របពេលដែល Valencia ក៏បានវាយបកឈ្នះក្រុមភ្ញៀវ Basel របស់ស្វីសដោយលទ្ធផល ៥-០ នៅក្រោយពេលដែលបានបរាជ័យ ៣-០ នៅទឹកដីរបស់ Basel ជាមួយ នឹងការសរុបលទ្ធផលទាំងពីរជើងគឺ Valencia ៥ និង Basel ៣ ៕