ក្រុមហ៊ុន Facebook នៅថ្ងៃពុធ ម្សិលមិញនេះ បានប្រកាសជាផ្លូវការថា ខ្លួននឹងដកយកមុខងារ Chat ចេញពី Facebook App សម្រាប់ស្មាតហ្វូន។
បណ្ដាញសង្គមមួយនេះ បានប្រកាសយ៉ាងច្បាស់ថា សម្រាប់អ្នកដែលប្រើប្រាស់ Facebook App នៅលើស្មាតហ្វូន នឹងមិនអាច Chat បានទៀតទេ ព្រោះថា ក្រុមហ៊ុនបានសម្រេចចិត្តដក មុខងារនេះចេញ ដោយតម្រូវឲ្យអ្នកប្រើប្រាស់ទាំងអស់តំឡើងកម្មវិធី Facebook Messenger App នៅលើស្មាតហ្វូន។ ការធ្វើបែបនេះ គឺដើម្បីឲ្យការប្រើប្រាស់នូវកម្មវិធី Facebook Messenger App មានចំនួនកើនឡើង និងជាពិសេសគឺចង់ចែកមុខងារគ្នាអោយដាច់។ លក្ខខណ្ឌថ្មីនេះ នឹងត្រូវអនុវត្តទៅលើ Facebook app សម្រាប់ iPhone និង Android ហើយប្រទេសដែល Update មុនគេគឺតំបន់អឺរ៉ុប។
ការផ្លាស់ប្ដូរថ្មីនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ ជាច្រើនអ្នកមានការមិនពេញចិត្ត ព្រោះពួកគេមិនចង់តំឡើងកម្មវិធីពីរ បី ប៉ុន្តែវាជាការកំណត់របស់ Facebook ដូច្នេះពួកគេមានតែធ្វើតាម។
ពាក់ព័ន្ធនឹងការកំណត់នេះ ត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថា អាចទាក់ទងទៅនឹងការទិញ WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក កាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែពួកគេនៅមិនទាន់ដឹងពីគោលបំណងច្បាស់របស់ Facebook។
គួរបញ្ជាក់ផងដែរថា បណ្ដាញសង្គមយក្សមួយនេះ បានប្រកាសជាលើកចុងក្រោយថា ចំនួនអ្នកប្រើ Facebook បានកើនឡើងដល់ ១,២ពាន់លាននាក់ ហើយអ្នកប្រើ WhatsApp មានចំនួន ៤៥០លាននាក់៕