ភ្នំពេញៈ នៅក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៤ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) បានរៀបចំការប្រកួត កីឡាបុរាណ២ប្រភេទ ដើម្បីអបអរសាទរ និងធ្វើឲ្យកក្រើក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី២នៅមុខប្រាសាទ អង្គរវត្តខេត្តសៀមរាប ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ថា “បន្ទាប់ពីសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ហើយនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំឲ្យមាន ការប្រកួតកីឡាកេរ្ដិ៍មរតកខ្មែរ ចំនួន២ប្រភេទ គឺកីឡាអុកចត្រង្គ និងកីឡាល្បុក្កតោ” ។
សូមរំឭកថា សម្រាប់ការប្រកួតកីឡាអុកចត្រង្គ គឺមានរយៈពេល៣ថ្ងៃ ចំថ្ងៃបុណ្យចូលឆ្នាំថ្មីតែម្ដង ដោយមានកីឡាករចំនួន ៨នាក់ត្រូវចូលរួមប្រកួត បន្ទាប់ពីស្ដេចអុកទាំង៨នាក់នេះ ឆ្លងផុតការប្រកួតជម្រុះ ដំណាក់កាលទី១ ក្នុងចំណោម កីឡាករសរុបចំនួន៦៤នាក់ កាលពីថ្ងៃទី០៩ ខែមេសាម្សិលមិញរួចមក ។ ចំណែកកីឡាល្បុក្កតោក៏ដូច្នេះដែរ ពោលគឺ ត្រូវធ្វើការបង្ហាញ និងប្រកួតអបអរសាទរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី២នេះរយៈពេល៣ថ្ងៃដូចគ្នា ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កីឡាទាំង២ប្រភេទ ដែលត្រូវបង្ហាញវត្តមាន នៅមុខប្រាសាទអង្គរវត្តខាងលើនេះ សុទ្ធ តែជាកីឡាមានអាយុកាល រាប់រយឆ្នាំមកហើយ ហើយក៏មានឆ្លាក់ចំណាំនៅលើផ្ទាំងសិ លាតាមប្រាសាទបុរាណខ្មែរ ជា ច្រើនកន្លែងផងដែរ ។ ដូច្នេះការប្រកួតលើកដំបូង ក្នុងឱកាសដ៏កម្រមួយនេះ យើងរំពឹងថា នឹងទទួលបានការគាំទ្រ ច្រើនពីបងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវបរទេសទៀតផង ៕