ភ្នំពេញៈ ការប្រកួតជម្រុះ កីឡាអុកចត្រង្គដំណាក់កាលទី១ ដើម្បីជ្រើសរើសយក បេក្ខជនជើងខ្លាំងចំនួន៨នាក់ ទៅប្រកួត អបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខនេះ បានរកឃើញ ហើយក្នុងនោះមានកីឡាករ ក្រូច ចន្ថារិទ្ធ, សំរិទ្ធ សៀ, ចាន់ ប្រាថ្នា, កែវ វឌ្ឍនា, ឈាវ បូរ៉ា, សេង ចាន់, សូ សំភី និងកីឡាករ ប៉ាវ សុខណា ។
គួររំឭកថា ការប្រកួតជម្រុះដំណាក់កាលទី១នេះ គឺប្រើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤នៅក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានកីឡាករចូលរួមសរុបចំនួន៦៤នាក់ ប៉ុន្ដែ ជម្រុះយកតែ៨នាក់ប៉ុណ្ណោះ ។
អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា “ចំពោះកីឡាករ ជើងខ្លាំង ទាំង៨នាក់ដែលបានឆ្លងផុត ដំណាក់កាលទី១ត្រូវត្រៀមខ្លួន ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅមុខប្រាសាទ អង្គវត្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ខាងមុខ ។ លោកបន្ដថា ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីអបអរ សាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងពិធិបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងផងដែរ” ។
អ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនោះ គឺអតីតស្ដេចអុកពានសម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១០ ចាប់ពី ចំណាត់ថ្នាក់លេខ១ ដល់លេខ៤ បានបាត់បង់ឱកាសឡើងទៅប្រកួត វគ្គបន្ដហើយបន្ទាប់ពីធ្លាក់ ត្រឹមវគ្គជម្រុះ ដំណាក់កាលទី១នោះ ។ លោក ឆយ វីរ៉ា អតីតស្តេចអុកចត្រង្គលេខ១ ឆ្នាំ២០១០ ដែលប្រកួតចាញ់ស្តេចអុករង សុខ ភារ៉ា បាននិយាយថា ការប្រកួតចាញ់ជុំទី២ នៃព្រឹត្តិការណ៍ប្រកួតអុកចត្រង្គ អបអរសាទរអង្គរសង្រាន្ត ឆ្នាំ២០១៤ គឺលោក ចាញ់ដោយអស់ចិត្ត ដោយពុំបានលើកឡើងពីករណីលេសផ្សេងៗឡើយ ពោលគឺលោក និយាយយ៉ាងខ្លីថា “នោះ បណ្តាលមកពីបញ្ញា និងភាពឈ្លាសវៃរបស់លោកមាន កម្រិតទាបជាងគូប្រកួតរបស់ខ្លួន” ។
គួបញ្ជាក់ថា ប្រាក់រង្វាន់សម្រាប់កីឡាករជ័យលាភី ដែលប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ គឺមានដូចជា៖ ចំណាក់ថ្នាក់លេខ១ ទទួលប្រាក់រង្វាន់ចំនួន១ពាន់ដុល្លារអាម៉េរិក, លេខ២ ទឹកប្រាក់ចំនួន ៧០០ដុល្លារ, លេខ៣ ទឹកប្រាក់ចំនួន ៤០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ ទទួលបានទឹកប្រាក់ចំនួន២០០ដុល្លារ ៕