ភ្នំពេញៈ អង្គការផ្កាយសមុទ្រ ដៃគូជាមួយសហព័ន្ឋ កីឡាបាល់ទាត់ជាតិ កម្ពុជា បានរៀបចំការប្រកួត ព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់ Ian Thompson Memorial /ISF U-13 (ក្រុមបាល់ទាត់កុមារា អាយុក្រោម១៣ឆ្នាំ និងក្រុមបាល់ទាត់ចម្រុះ កុមារអាយុ ក្រោម១០ឆ្នាំ)លើកទី៧ ឆ្នាំ២០១៤ ។
ក្រុមចូលរួមប្រកួត មាន៣២ក្រុមមកពីទូទាំងប្រទេស និងក្រុមកុមារា ២ក្រុមមកពីសាំហ្គាពូរ ថែមទាំង តំណាងមកពីអង្គ ការផ្សេងៗនឹងមកពី ខេត្ដក្រុងចំនួន៨ នៃប្រទេសកម្ពុជា និងមកពីក្លឹបសមាគម និងសាលារៀន នានានៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ ក្នុងទីលានបាល់ទាត់ មេគង្គ ។ សម្រាប់ក្រុមបាល់ទាត់ កុមារាអាយុ ក្រោម១៣ឆ្នាំ មាន២៨ក្រុម ចែកចេញជា៤ពូល និងក្រុមកុមារ អាយុក្រោម ១០ឆ្នាំមាន៨ក្រុម ។
លោក Peter Slater ប្រធានអង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា លោករីករាយណាស់ ដែលបានមកចូលរួមកម្ម ពិធីការប្រកួតបាល់ទាត់ ពានរង្វាន់ Ian Thompson Memorial /ISF U-13 លើកទី៧នេះ ដើម្បីរំលឹកខួប១៣ឆ្នាំ នៃការ ស្លាប់របស់លោក Ian Thompson Memorial ។ Ian Thompson Memorial ជា កីឡាករម្នាក់ ដែលស្រឡាញ់វិស័យ កីឡាបាល់ទាត់យ៉ាងខ្លាំង កាលលោកនៅរស់ ហើយលោកតែងតែ ខិតខំប្រឹងប្រែងរៃអង្គាស មូលនិធិជួយដល់ប្រទេស ដែលកំពុងអភិឌ្ឍន៍ វិស័យនេះដែរ ។
លោកបានបន្តថា Ian Thompson Memorial បានឆ្លុះបញ្ចាំងពី ការខិតខំប្រឹងប្រែងរៃអង្គាស មូលនិធិមួយឆ្នាំ ម្តងរបស់ មិត្តបាល់ទាត់៣០នាក់ និងក្រុមគ្រួសារ ដែលបានរៃអង្គាស មូលនិធី ដើម្បីបុព្វហេតុផេ្សងៗ ជុំវិញពិភពលោក ។ ការរៀប ចំការប្រកួតលើកនេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត របស់អង្គការផ្កាយសមុទ្រ និងម្ចាស់ជំនួយ ទៅនឹងបាល់ទាត់ យុវជននៅក្នុង ប្រទេសកម្ពុជា និងកុមារដែលកំពុង ទទួលបានផលប្រយោជន៍ ពីកម្មពិធីបង្វឹក បាល់ទាត់ របស់អង្គការ ផ្កាយសមុទ្រ ៕