ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណជា ជាង៨០ម៉ឺនដុល្លារអាម៉េរិក ដើម្បីលើកទឹកចិត្តដល់ គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនី ដែលខិតខំប្រឹងប្រែង ប្រកួតដណ្ដើមបានជ័យលាភី មេដាយក្នុង បេសកកម្ម នៃការប្រកួតកីឡា ស៊ីហ្គេម (SEA Games)លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា កាលពីចុងឆ្នាំ២០១៣ កន្លងមកនេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ប្រាប់ គេហទំព័រ Looking TODAY នៅរសៀលថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០១៤នេះឲ្យដឹងថា “នៅថ្ងៃទី២៥ ខែមីនាខាងមុខនេះ រាជ រដ្ឋាភិបាលកម្ពុជា នឹងរៀបចំកម្មវិធី ប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តជូនដល់អត្ដពលិក ដែលដណ្ដើមបានមេដាយពីការ ប្រកួតកីឡា SEA Games លើកទី២៧ ប្រទេសមីយ៉ាន់ម៉ា នៅទីស្នាក់ការ NOCC ដោយនឹងធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី រួមទាំងថ្នាក់ ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ” ។
យោងតាមអនុក្រឹត្យ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានសន្យាថា ចំពោះអត្តពលិកដែល ដណ្ដើមបាន មេដាយពី SEA Games លើកទី២៧នោះ នឹងត្រូវទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៖ មេដាយមាស ៤០លានរៀល, មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរិទ្ធិ១៦លានរៀល ។ រីឯគ្រូបង្វឹក ត្រូវទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ស្មើនឹងអត្ដពលិក ដែលដណ្ដើមបានជ័យលាភីខ្ពស់ជាងគេ ខណៈគ្រូ ជំនួយទទួលបានប្រាក់រង្វាន់ ៧០% នៃគ្រូបង្វឹក ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ដោយយោងតាម អនុក្រឹត្យខាងលើនេះ រាជរដ្ឋាភិបាល នឹងចំណាយថវិការ ប្រហែលជា ៣,៤២៩,៨០០,០០០រៀល ពោលគឺប្រហែល ៨៥៧,៤៥០ដុល្លារឯណោះ សម្រាប់ប្រគល់ជូន ដល់កីឡាករ-កីឡាការិនី និងគ្រូបង្វឹក-គ្រូជំនួយ ដែលដណ្ដើមបាន ជ័យលាភីលើវិញ្ញាសាកីឡា ៨ប្រភេទដែលកម្ពុជា បានបញ្ជូនទៅដោយបាន ឈ្នះមេដាយសរុបចំនួន ១៣៤គ្រឿង (មាស១៤, ប្រាក់២៩ និងសំរិទ្ធិ៩១) ។
នាយបេសកកម្មដឹកនាំក្រុមប្រតិភូ និងអត្ដពលិក ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Games លើកទី២៧ខាងលើនេះ បានបន្ដទៀតថា “ការប្រគល់ប្រាក់រង្វាន់ជូនដល់អត្តពលិក និងគ្រូបង្វឹក-គ្រូជំនួយ មុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណី ជាតិចូលមកដល់បែបនេះ គឺជាការល្អប្រសើរណាស់ ព្រោះអត្តពលិក អាចយកប្រាក់រង្វាន់លើកទឹកចិត្តទាំងនោះ ទៅ ប្រើប្រាស់តាមតម្រូវការរបស់ពួកគេ” ។
សូមរំឮកថា កីឡាទាំង៨ប្រភេទ ដែលជួយដណ្ដើមជ័យលាភីឲ្យប្រទេសកម្ពុជានោះ មានដូចជា៖ កីឡាចំបាប់ (មេដាយ ១២គ្រឿង), សីប៉ាតាក្រ (មេដាយសរុប ១៩គ្រឿង), វ៉ូវីណាម (មេដាយ១៧គ្រឿង), ទូកប្រពៃណី (មេដាយ ១៧គ្រឿង), ប៉េតង់ (មេដាយ១៨គ្រឿង), សូរិនហ្សីកាំប៉ូ (មេដាយ៦គ្រឿង), តេក្វាន់ដូ (មេដាយ៧គ្រឿង) និង កីឡា វ៉ូស៊ូ មេដាយ១គ្រឿង ៕