ប្រេស៊ីល៖ ក្រោយពីទទួលបាន សិទ្ធិធ្វើជាម្ចាស់ផ្ទះ បាល់ទាត់ ពិភពលោក World Cup ឆ្នាំ២០១៤ ប្រេស៊ីលបានធ្វើការ ជួសជុលកីឡដ្ឋានធំៗ ចំនួន៨ និងកីឡដ្ឋាន សង់ថ្មីចំនួន៤ ក្នុងនោះដែរ កីឡដ្ឋានជាតិ National Stadium ដែលស្ថិតក្នុង ទីក្រុង Brasilia បានចំណាយលុយ អស់ច្រើនជាងគេរហូត ដល់ទៅ ៥០៨.៩៩លានដុល្លារ ដោយយោងតាម ព័ត៌មាននៅលើគេហទំព័រ channeltv.com ។
ក្រុមហ៊ុន SECOPA ដែលជាអ្នកទទួល ម៉ៅការសាងសង់ទាំងស្រុង បានបង្ហាញ របាយការណ៍ថា ពហុ កីឡដ្ឋានជាតិមួយនេះ អាចផ្ទុកអ្នកទស្សនា បានរហូតដល់ ទៅចំនួន ៧១.០០០នាក់ តែចំនួននេះ វានៅតិចជាងកីឡដ្ឋាន Camp Nou របស់ FC Barcelona និងកីឡដ្ឋាន Santiago Bernabeu របស់ Real Madrid នៅឡើយទេ តែវាយអស់ លុយច្រើនជាង ដោយសារតែបំពាក់ ទៅដោយបរិក្ខារទំនើបៗ និងប្រព័ន្ធសុវត្ថិភាពជាដើម ។
ជាមួយគ្នានេះដែរ ពហុកីឡដ្ឋានមួយនេះ នឹងត្រូវបានប្រើសម្រាប់ ការប្រកួតជម្រុះ ក្នុងពូលរវាងក្រុមជម្រើសជាតិ ស្វីស និង អេក្វាទ័រ, កូឡុំប៊ី ជាមួយ កូដឌីវ័រ, កាម៉េរូន ជាមួយ ម្ចាស់ផ្ទះប្រេស៊ីល និងព័រទុយហ្គាល់ ជួប ហ្គាណា ។ លើសពីនេះ ទៀតកីឡដ្ឋានថ្មីនេះ ក៏ត្រូវបានប្រើក្នុងការប្រកួត ក្នុងវគ្គខ្វែងពូល E និងពូល F វគ្គវគ្គ ៨ក្រុមចុងក្រោយ និងប្រកួតជ្រើស រើសលេខ ៣ផងដែរ ខណៈដែលវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើង នៅទីក្រុងរីអូ ដែលជាទីក្រុងធំ របស់ប្រស៊ីល ។
ការជួលជុល និងកសាងឡើងវិញ សម្រាប់ដំណើរការ នៃការប្រកួត World Cup 2014 ដែលមានរយៈពេល មួយខែពេញ ដោយការប្រកួត ចាប់ពី ថ្ងៃទី១២ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ ប្រេស៊ីលបានចំណាយ អស់ច្រើនសន្ធឹក សន្ធាប់ក្នុងការ ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ដែលរយៈពេល៤ឆ្នាំម្តងនេះ ហើយត្រៀមធ្វើម្ចាស់ផ្ទះ កីឡាអូឡាំពិក រដូវក្តៅឆ្នាំ ២០១៦ ខាងមុខដែរ ខណៈដែលព្រឹត្តិការណ៍ ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro នឹងធ្វើ នៅប្រទេសបារាំង ៕