រីយ៉ូ៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៤ នឹងចាប់ផ្តើមជាផ្លូវការ នៅរយៈពេល១០០ថ្ងៃទៀតតែប៉ុណ្ណោះ ដែលមានប្រេស៊ីលធ្វើជា ម្ចាស់ផ្ទះលើកទី២ របស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួបាន ចេញផ្សាយឲ្យ ដឹងនាព្រឹកថ្ងៃពុធ ទី០៥ ខែមីនានេះ ។
លោកស្រី រ៉ូសេហ្វ ប្រធានាធិបតី ប្រេស៊ីលបានថ្លែងថា “ថ្ងៃនេះដែរគឺជាថ្ងៃពិសេស មួយសម្រាប់ប្រទេសប្រេស៊ីល ហើយ ដែលនៅសល់តែ ១០០ថ្ងៃទៀតប៉ុណ្ណោះមុននឹងថ្ងៃ World Cup ឈានចូលមកដល់ ហើយប្រេស៊ីលបាន រៀបចំរួចរាល់ ហើយដែរក្នុងការ រៀបចំសម្រាប់ការប្រារព្ធ ពិធីដ៏ធំធេងដែលមាន រយៈពេល៤ឆ្នាំម្តង លើកទី២០ នេះ” ។
លោកស្រីបានបន្ថែមទៀតថា “ថ្ងៃនេះទីក្រុងដែលជាម្ចាស់ផ្ទះ បានលើកបង្ហាញ នូវពណ៌ខៀវ និងលឿង (ដែលជា ពណ៌របស់ទង់ជាតិ ប្រេស៊ីល) ដើម្បីបញ្ជាក់ថា ពិភពលោកទាំងមូល កំពុងរង់ចាំនូវ ព្រឹត្តិការណ៍ ដ៏អស្ចារ្យដែលនឹង ឈានមកដល់ នាពេលឆាប់ៗ ខាងមុខ” ។ ពហុកីឡដ្ឋានត្រឹមតែ ៨តែប៉ុណ្ណោះដែលបានរៀបចំរួច ដែលមានការ សាងសង់ ខ្លះបានជួបប្រទះបញ្ហាមួយចំនួន រួមបញ្ចូលទាំងការស្លាប់មនុស្សពី ៤ ទៅ ៥ នាក់នៃក្រុមអ្នកសាងសង់ ។
លោកស្រីបាននិយាយថា “ប្រជាជនប្រេស៊ីល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ និងការ ផ្ដល់តម្រូវការ នៅក្នុងព្រឹត្តិការណ៍ World Cup នេះ” ដោយបាន បន្ថែមថា “នេះមិនត្រឹមតែ ជាការប្រកួត បាល់ទាត់តែ ប៉ុណ្ណោះទេវាគឺជាការប្រកួត សម្រាប់មិត្តភាព និងប្រកួតសម្រាប់ការប្រឆាំងការរើសអើង ពូជសាសន៍” ។
គួរបញ្ជាក់ថា មានក្រុមបាល់ទាត់ចំនួន ៣២ទូទាំងពិភពលោក នឹងធ្វើការប្រកួតនៅ ក្នុងព្រឹត្តិការណ៍ធំមួយនេះ ចាប់ពីថ្ងៃទី ១២ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤នៅពហុកីឡដ្ឋានទាំង១២របស់ប្រេស៊ីល ។ ក្រុមជម្រើសជាតិ អេស្ប៉ាញជាម្ចាស់ពាន World Cup ឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង បន្ទាប់ពីបានយកឈ្នះ ក្រុមមកពីតំបន់អឺរ៉ុបដូចគ្នា ទឹកក្រូចហូឡង់ នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល បច្ចេកទេស ១-០ ៕