ភ្នំពេញៈ កីទ្បាករ ឌុន រដ្ឋា មកពីក្លឹបអេភូថងកីទ្បា បានបញ្ចប់កីទ្បាករ វ៉ោយ សុធន មកពីក្លឹបរាជសីហ៍ ខេត្ត បន្ទាយមាន ជ័យក្នុងទឹកទី៣កាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ម្សិលមិញនេះ នៅសង្វៀនបាយ័ន ស្ទឹងមានជ័យ ស្របពេល ដែលកីទ្បាករ ចាន់ ចំរើន មកពីក្លឹបនិរោធមានជ័យ ផ្តួលកីទ្បាករ វុត្ថា ប៊ុនហ៊ុយ និង កីទ្បាករ វីវ៉ា សាម៊ីត មកពីក្លឹប មហិទ្ធរិទ្ធតាដំបងដែក ស៊ីផុយ កីទ្បាករ សូយ សែនខ្មៅ មកពីក្លឹបពោធិ៍សែនជ័យ ក្នុងទឹកទី៣ដូចៗគ្នាដែរ ។
នៅក្នុងជំនួបរវាង វ៉ោយ សុធន និង ឌុន រដ្ឋា គឺជួបគ្នាក្នុងប្រភេទទម្ងន់៧១គីទ្បូក្រាម ហើយបើនិយាយពី ការប្រកួត នៅក្នុងទឹកទី១ដល់ទឹកទី២ ឌុន រដ្ឋា បានធ្វើការវាយសម្រុកយ៉ាងខ្លាំងទៅលើ វ៉ោយ សុធន រហូតទាំងការវាយចេញនូវ កណ្តាប់ដៃ ទាត់ និងកែងជាដើម ចំណែក វ៉ោយ សុធន វិញបានត្រឹមតែវាយចេញមួយៗមកលើ ឌុន រដ្ឋា បន្តិចបន្តួច ប៉ុណ្ណោះ ។
នៅពេលស្នូរជួងបន្លឺទ្បើងនៅក្នុងទឹកទី៣ វ៉ោយ សុធន បានវាយសម្រុកយ៉ាងខ្លាំងទៅលើ ឌុន រដ្ឋា ប៉ុន្តែការវាយសម្រុក នោះហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះ ហើយបែរទទួលស្វាគមន៍មកវិញពី ឌុន រដ្ឋា ទាំងកណ្តាប់ដៃ និងជាពិសេស នោះគឺអុកជង្គង់ចំពោះតែម្តង ស្របពេលនោះផងដែរ ឌុន រដ្ឋា បានវាយចេញមួយដៃយ៉ាងធ្ងន់ទៅលើ វ៉ោយ សុធន បាន បណ្តាលឲ្យអាជ្ញាកណ្តាលរាប់ទៅលើ វ៉ោយ សុធន ដល់ដប់តែម្តង និងកាត់សេចក្តីចាញ់តែម្តង ។
ចំណែកលទ្ធផលគូប្រកួតមិត្តភាពផ្សេងទៀតរួមមានកីទ្បាករ ស៊ឹម ប៊ុនឆៃ មកពីក្លឹបព្រៃទទឹងបង្ក្រាប គ្រឿងញៀនខេត្ត បន្ទាយមានជ័យ បានយកឈ្នះពិន្ទុកីទ្បាករ ឯម សាវឿន មកពីក្លឹបឬទ្ធីពោធិ៍សែនជ័យ ខណៈដែលកីទ្បាការិនី វី ស្រី ឆាយ មកពីក្លឹបនាគមានជ័យ បានចាញ់កីទ្បាការិនី អេ យ៉ានុត មកពីក្លឹប មជ្ឈមណ្ឌលកីទ្បាខ.ភ.ម ដោយពិន្ទុ និង កីទ្បាករ រឿង ប៊ុនរ៉ា មកពីក្លឹបសំរោងកោងកីទ្បាខេត្តបាត់ដំបង បានឈ្នះកីទ្បាករ កែវ ប៊ុនឈឿន មកពីក្លឹបដំបងក្រញូង កីទ្បាខេត្តបាត់ដំបងដោយពិន្ទុ ៕