ភ្នំពេញៈ គិតមកត្រឹមព្រឹកថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០១៤នេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាប្រាប់គេហទំព័រកម្សាន្ត Looking TODAY ឲ្យដឹងថា មានចំនួនជាង២០០០នាក់ ដែលបានចុះឈ្មោះចូលរួម រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុ ។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា “ការប្រកួតរត់ប្រណាំង ដែលធ្វើឡើងតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ នាថ្ងៃអាទិត្យ ទី០៩ ខែ មីនា ឆ្នាំ២០១៤លើកទី៣លើកទឹកដី ខេត្តព្រះសីហនុនេះ មានការកើនឡើងពីឆ្នាំមុនៗ ក្រោមកិច្ចសហប្រតិ បត្តិការរវាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ។ និងបណ្ដា ក្រុមហ៊ុនមួយ ចំនួននៅក្នុងស្រុក ជាពិសេសក្រុមហ៊ុនអង្គរបៀរ ជាអ្នកឧបត្ថម្ភធំជាងគេក្នុងការប្រកួតមួយនេះ។ ក្នុងចំនួននោះដែរមាន បរទេសជាង៣០០នាក់មកពី២១ប្រទេស ជាមួយនឹងឥណ្ឌូនេស៊ីឈរច្រើនជាងគេ អង់គ្លេសជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣អូស្រ្តាលី” ។
យ៉ាងណាក៏ដោយ ការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងលើកទី៣ នៅឆ្នេរសមុទ្ទដ៏ស្អាតជាងគេនៅលើពិភពលោកនេះ ក្នុងគោលបំណង ដើម្បីការពារធម្មជាតិ សង្គ្រោះផែនដី និងសុខុមាលភាពនៃមនុស្សលោក ហើយព្រឹត្តិាការណ៍នេះដែរ រៀបចំឡើងក៏ក្នុងគោលបំណង រកមូលិធិជួយដល់មន្ទីរពេទ្យកុមារជាតិ និងការអប់រំចំណេះដឹងជាមូល ដ្ឋានដល់កុមារា កុមារីដែលខ្វះលទ្ធភាពសិក្សាព្រមទាំងយុវជនផងដែរ ។
គួររំលឹកថា កាលពីឆ្នាំកន្លងទៅព្រឹត្តិការណ៍នេះ មានអ្នកចូលរួម១៤០០នាក់ មកពី២១ប្រទេសជុំវិញពិភពលោក ហើយ ឆ្នាំនេះអាចនឹងកើនឡើងច្រើនជាងមុនដែរ ព្រោះបើគិតពីការចុះឈ្មោះមានរហូតទៅដល់ជាង ១០០០នាក់ និងមកពី ២១ប្រទេសដូចគ្នា ។
សូមបញ្ជាក់ថា ដើម្បីចូលរួមក្នុងព្រឹត្តិាការណ៍នេះ អាចចុះឈ្មោះរត់បានលើវិញ្ញាសា ២១គីឡូម៉ែត្របរទេស តម្លៃ៤៥ ដុល្លារ, ខ្មែរ១៥ដុល្លារ ។ រត់១០.៥គីឡូម៉េត្របរទេស តម្លៃ៣៥ដុល្លារ, ខ្មែរ១០ដុល្លារ ។ រត់៣គីឡូម៉ែត្រ បរទេស២៥ ដុល្លារ, ខ្មែរ៥ដុល្លារ និង៣គីឡូម៉ែត្រ បែបរត់កម្សាន្តបរទេស១៥ដុល្លារ និងខ្មែរ៥ដុល្លារ ហើយការចុះឈ្មោះតាម អសយដ្ឋាន៖ www.cambodia-events.org ក៏បាន ៕