ក្រុងអ៊ីស្តង់ប៊ូលៈ អ្នកចាត់ការទូទៅក្លឹប Galatasaray របស់តួគីលោក Roberto Mancini បានបង្ហាញនៅភាពជឿជាក់ មួយថា ក្រុមរបស់លោកនឹងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវតោខៀវ Chelsea របស់អង់គ្លេសយប់នេះនៅវេលា ម៉ោង ២ និង ៤៥នាទី(ម៉ោងនៅកម្ពុជា)ក្នុង Champions ជើងទី១ ។
អតីតគ្រូបង្វឹកក្លឹប Man City ជនជាតិអ៊ីតាលីរូបនេះបានអះអាងប្រាប់គេហទំព័រ BBC ថា “ពិតណាស់ស្ទើរតែ៨០% Chelsea នឹងឈ្នះ Galatasaray ដោយយោងទៅទម្រង់លេងដ៏ល្អឥតខ្ចោះ និងប្រព័ន្ធការពាររៀបចំបានល្អ ។ Chelsea ដែលបានគ្រងតំណែងជើងឯកពាន Champions League និងពាន UEFA Cup នា២រដូវកាលចុងក្រោយ នេះ អាចនឹងបន្តភាពខ្លាំងរបស់ខ្លួនទៀតជាមួយនឹងការឈរនៅកំពូលតារាង Premier League ផងដែរនោះក្រោមការ ដឹកនាំប្រកបដោយប្រសិទ្ធភាពលោក Jose Mourinho”
លោកបានបន្ថែមថា “ខ្ញុំគិតថា ឱកាសឈ្នះរបស់ពួកគេគឺមានច្រើនណាស់ជាង Galatasaray ព្រោះអីគេសំបូរទៅដោយ កីឡាករល្អៗច្រើន ហើយក៏សង្ឃឹមថាឆ្លងផុតវគ្គ១៦ក្រុមនេះផងដែរ បើទោះបីជាក្រុមយើងមិនដែលបានជួប Chelsea ពីមុនមកក៏ដោយ ។ មួយវិញទៀតអតីតកីឡាករ Chelsea ខ្សែប្រយុទ្ធ Dider Drogba និងកីឡាករខ្សែបម្រើហូឡង់ Wesley Sneijder នឹងក្លាយជាមនុស្សសំខាន់ក្នុងយុទ្ធនាការនេះផងដែរ”។
យ៉ាងណាមិញការលើកឡើងបែបនេះមិនប្រាកដថាត្រឹមត្រូវ១០០ភាគរយនោះទេ ព្រោះអីបាល់មូល និងលទ្ធផលអាច ប្រែប្រួលបានគ្រប់ពេលវេលា និងទីកន្លែងទាំងអស់ ហើយក៏មិនប្រាកដថាខ្លាំងឈ្នះរហូតនោះដែរ តែទោះជាយ៉ាងណា Chelsea ជាក្រុមចុងក្រោយដែលសង្ឃឹមថាឈ្នះនារាត្រីនេះ ក្រោយពីទាំង៣ក្រុមខ្លាំងរបស់អង់គ្លេសមាន Manchester City, Arsenal និង Manchester United បានចាញ់អស់ហើយក្នុងជើងទី១ដោយលទ្ធផលបច្ចេកទេស ០-២ ដូចៗគ្នា ក្នុងចំណោម៤ក្រុមដែលបានលេងក្នុង Champions League នារដូវកាលឆ្នាំ២០១៣-២០១៤នេះ ៕