ភ្នំពេញៈ សហព័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា(រត់ប្រណាំង+ហែលទឹក+ជិះកង់) បាននឹងកំពុងធ្វើការប្រមូល ផ្ដុំធនធានមនុស្សជាច្រើន ដើម្បីធ្វើការហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យបានល្អប្រសើរ ឡើងមួយកម្រិត ទៀត បន្ទាប់ពីគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី២៨ ប្រទេសសិង្ហបុរី ប្រកាសដាក់ បញ្ចូលឲ្យមានប្រភេទកីឡាទ្រីយ៉ាងត្លុងនៅឆ្នាំ២០១៥នោះ ។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហ័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា បានថ្លែងឲ្យដឹងកាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ថា “បច្ចុប្បន្ននេះ សហព័ន្ធយើងខ្ញុំ កំពុងខិតខំជម្រុញ យ៉ាងខ្លាំងទៅដល់សមាគម និងក្លឹបកីឡា ទ្រីយ៉ាត្លុងក្នុងស្រុកទាំងអស់ ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី និងយុវជនជំនាន់ក្រោយ ឲ្យមានការ រីកចម្រើនបន្ថែមទៀត ដើម្បីជាការត្រៀមខ្លួនឲ្យហើយក្នុងការចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរីនាឆ្នាំ២០១៥ខាងមុខ ប្រសិនបើមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជានោះ” ។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ទៀតថា បន្ទាប់ពីគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី២៨ គឺប្រទេសសិង្ហបុរី បានអនុម័តដាក់បញ្ចូលឲ្យ មានប្រភេទកីឡាទ្រីយ៉ាងត្លុង ចូលរួមនៅឆ្នាំ២០១៥ ហើយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា មានសំណាងបានចូលរួមដែរឬក៏អត់នោះទេ ប៉ុន្ដែយើងត្រូវតែហ្វឹកហាត់ ត្រៀមខ្លួនជានិច្ចដដែល ជាពិសេសគឺការប្រមូលផ្ដុំធនធានមនុស្សតែម្ដង ។
អ្វីដែលកាន់តែធ្វើឲ្យសហព័ន្ធកីឡាទ្រីយ៉ាត្លុងមានមោទនភាពខ្លាំងនោះ គឺនៅពាក់កណ្ដាលឆ្នាំ២០១៤ខាង មុខនេះ ក្រសួងបានអនុញ្ញាតឲ្យសព័ន្ធរៀបចំព្រឹត្តិការណ៍ប្រកួតលក្ខណៈថ្នាក់ជាតិរយៈពេល៣ថ្ងៃជាប់គ្នា ដើម្បីជ្រើសរើស រកកីឡាករ-កីឡាការិនី ដែលមានសមត្ថភាពពិតប្រាកដ(ជម្រើសជាតិ) មកធ្វើការហ្វឹករួម គ្នាត្រៀមធ្វើការប្រកួត លក្ខណៈអន្ដរជាតិផ្សេងៗទៀត ។
លោក ងិន សុបញ្ញា បានបន្ដថា សម្រាប់ការប្រកួតថ្នាក់ជាតិឆ្នាំនេះ គឺជាលើកទី២ហើយ ហើយជាលើកដំបូងដែរ ដែលសហព័ន្ធ បានរៀបចំជាលក្ខណៈទ្រង់ទ្រាយធំក្នុងរយៈពេល៣ថ្ងៃតាមការអនុញ្ញាតរបស់ក្រសួង ខណៈកាលពី ឆ្នាំ២០១៣ រៀបចំត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ដោយលោកសង្ឃឹមថា កីឡាទ្រីយ៉ាត្លុង នឹងទទួលបាន ការគាំទ្រកាន់តែ ច្រើនក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ ៕