ចិន៖ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១៣ ក្រុមហ៊ុន Apple បានក្ដោបទីផ្សារស្មាតហ្វូន នៅក្នុងប្រទេសចិនបាន ៧ភាគរយ។ នេះបើយោងតាមរបាយការណ៍ របស់ស្ថាប័នវិភាគទិន្នន័យអន្តរជាតិ IDC។
សារព័ត៌មាន WSJ បានចុះផ្សាយថា នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៣ ចំណែកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន របស់ Apple បានកើនឡើងដល់ ៧ភាគរយ ដោយបានកើនឡើងពី ៦ភាគរយកាលពីត្រីមាសទី៣។
IDC បានបញ្ជាក់ថា ត្រីមាសទី៤ គឺជាត្រីមាសមួយដែលក្រុមហ៊ុន Apple កំពុងតែមមាញឹកក្នុងការលក់ iPhone 5S និង iPhone 5C។ ស្ថាប័នមួយនេះ បានបន្តទៀតថា បើទោះបីជា Apple ក្ដោបទីផ្សារបានត្រឹមតែ ៧ភាគរយ ប៉ុន្តែនៅឆ្នាំ ២០១៤ នេះ ចំណែកទីផ្សារស្មាតហ្វូនចិន នឹងត្រូវធ្លាក់មកលើ Apple បន្ថែមទៀត ព្រោះថា Apple នឹងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ China Mobile បានចុះកិច្ចព្រមព្រៀងលក់ iPhone។
គួរបញ្ជាក់ផងដែរថា ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន អ្នកដែលក្ដោបបានច្រើនជាងគេគឺ Samsung មាន ១៩ភាគរយ បន្ទាប់មក Lenovo មាន ១៣ភាគរយ ចំណែក Coolpad និង Huawei មាន ១១ភាគរយ និង១០ភាគរយ៕