កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Nokia បានផ្ញើលិខិតអញ្ជើញឲ្យ ចូលរួមក្នុងព្រឹត្តិការណ៍ MWC នាថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០១៤។
នៅពេលនេះ តាមការពិនិត្យទៅ លើលិខិតអញ្ជើញ និងតាមការផ្ដល់ព័ត៌មាន ផ្សេងៗបានឲ្យដឹងថា ក្រុមហ៊ុន Nokia នឹងបង្ហាញ Nokia Android នៅក្នុងព្រឹត្តិការណ៍ MWC ដោយស្មាតហ្វូននោះ មានឈ្មោះថា Nokia X។
នៅក្នុងលិខិតអញ្ជើញ ក្រុមហ៊ុន Nokia បានប្រើពណ៌ត្រួយចេក ដែលជាពណ៌របស់ Android និងអ្វីដែលជាទីចាប់អារម្មណ៍ មួយទៀតនោះគឺត្រូវ បានគេឃើញថា មានសញ្ញាខ្វែងរៀងជាអក្សរ X ដែលសំដៅទៅលើ ឈ្មោះរបស់ស្មាតហ្វូន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia បានលក់អាជីវកម្ម ទូរស័ព្ទចល័តរបស់ខ្លួន ឲ្យទៅក្រុមហ៊ុន Microsoft ហើយការទិញលក់នេះនឹង ត្រូវបញ្ចប់នៅដើមឆ្នាំនេះ៕