ភ្នំពេញៈ ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប បានធ្វើឲ្យអ្នកស្នេហា វិស័យកីឡាជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រកួតស្មើ ជាមួយនឹងអតីតក្រុមម្ចាស់ជើងឯករដូវកាលចាស់ ខេត្តស្វាយរៀង ដោយលទ្ធផលបច្ចេកទេស០-០ ក្នុងការប្រកួត សន្សំពិន្ទុជើងទី១នៃពាន Metfone Cambodian League កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤។ ចំណែកអតីតក្រុមជើងឯក League ឆ្នាំ២០១២ ចម្ការកៅស៊ូបឹងកេត បានត្រឹមអង្គុយស្រណោះឈរមើលក្រុម ចំណូលថ្មីត្រាយអាស៊ី ដណ្ដើមបានតំណែងកំពូលតារាងបណ្ដោះអាសន្ដ បន្ទាប់ពីបន្ដប្រកួតចាញ់ក្រុមអគ្គស្នងការ ដ្ឋាននគរបាលជាតិ(ប៉ូលិស) ១-២ ។
សម្រាប់ការប្រកួតក្នុងសប្ដាហ៍ទី៣នេះ ក្រុមអាស៊ីអឺរ៉ុប ពិតជាបានធ្វើឲ្យក្រុមការពារតំណែងជើងឯកខេត្តស្វាយរៀង ភ្លឺភ្នែកដូចថ្ងៃ នៅពេលដែលកីឡាករក្រុមស្វាយរៀង មិនអាចធ្វើអ្វីលើក្រុមអាស៊ីអឺរ៉ុបបាននោះ ។ ប្រតង់ទី១ កីឡាករ របស់អាស៊ីអឺរ៉ុប បានសម្រុកវាយបំបែករបាំងការពារក្រុមស្វាយរៀងជាច្រើនលើក ប៉ុន្ដែមិនសម្រេចបានលទ្ធផលឡើយ ។ ចូលតង់ទី២ ស្វាយរៀង បានប្ដូរយុទ្ធសាស្ដ្រលេង ដើម្បីក្ដាប់ឱកាសវាយបកទៅលើក្រុមអាស៊ីអឺរ៉ុបវិញ តែទោះជា យ៉ាងណាអាស៊ីអឺរ៉ុប បានសហការគ្នាទប់ទល់ជាមួយក្រុមស្វាយរៀង រហូតដល់ចប់ការប្រកួត ៩០នាទីពេញជាមួយ នឹងលទ្ធផលផ្លូវការ ០-០ស្មើដដែល ។
ដោយឡែកក្រុមចម្ការកៅស៊ូបឹងកេត ដែលជាក្រុមធ្លាប់តែទទួលបានជោគជ័យ៩ប្រកួតជាប់គ្នា កាលពីជើងទី១ នារដូវ កាលចាស់នោះ បែរជាត្រូវភ្លក់រសជាតិចាញ់២ ប្រកួតជាប់គ្នាទៅវិញក្នុងចំណោម៣ប្រកួតនៃ League រដូវកាលថ្មីនេះ ។ ប្រកួតលើកទី៣នេះបឹងកេត ប្រកួតចាញ់ក្រុមប៉ូលិសដោយលទ្ធផល១-២ បន្ទាប់ពីប្រកួតចាញ់ក្រុមចំណូលថ្មី ត្រាយអាស៊ី កាលពីសប្ដាហ៍មុនក្នុងលទ្ធផល ១-២ដូចគ្នា ។ ឆ្លងផុត ៣ប្រកួតកន្លងមកបឹងកេត ទើបរកបាន៣ពិន្ទុ ប៉ុណ្ណោះក្នុងខណៈឈ្នះ១ និងចាញ់២ រីឯ៣ប្រកួតរបស់ក្រុមប៉ូលិស ឈ្នះ២ និងស្មើ១ ទទួលបាន៧ពិន្ទុ ។
ចំណែកក្រុមដែលទើបឡើងមកពីក្របខ័ណ្ឌ ក១ ត្រាយអាស៊ី បានដណ្ដើមតំណែងកំពូល តារាងបណ្ដោះអាសន្ដពីក្រុម ភ្នំពេញក្រោនយ៉ាងងាយស្រួល ក្រោយពីបំបាក់ក្រុម Albirex Niigata Phnpm Penh យ៉ាងចាស់ដៃក្នុងលទ្ធផល បច្ចេកទេស ៨-១ ។ គូនេះក៏បានធ្វើឲ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ផងដែរដែលក្រុមត្រាយអាស៊ី អាចរកគ្រាប់ បាល់បំប៉ោងសំណាញ់ទីរហូតដល់ទៅ៨គ្រាប់មិនគួរឲ្យជឿ ។
ជោគជ័យដ៏អស្ចារ្យនេះ បានធ្វើឲ្យក្រុមត្រាយអាស៊ី ដណ្ដើមបានកៅអីកំពូល តារាងបណ្តោះអាសន្ន ក្រោយឆ្លងផុត៣ ប្រកួតឈ្នះ២ និងស្មើ១ ទទួលបាន៧ពិន្ទុ ឯក្រុម Albirex Niigata Phnom Penh ឆ្លងផុត ៣ប្រកួត ដូចគ្នា ប៉ុន្ដែមិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ សូម្បីតែស្មើ មាន ០ពិន្ទុ ។
រីឯក្រុមម្ចាស់ជើងឯកពាន Hun Sen-Cup 2013 ណាហ្គាខប ឆ្នាំនេះបានប្រកួតឈ្នះលើក្រុមបៀលប្រាយ យូណាយធីត ដោយស្រួលជាមួយនឹងលទ្ធផលបច្ចេកទេស ៥-០ ។ ជ័យជំនះលើកនេះ ធ្វើឲ្យក្រុមណាហ្គាខប រកបាន៧ពិន្ទុ ព្រោះ៣ប្រកួតឈ្នះ២ និងស្មើ១ ស្របពេលដែលក្រុមបៀលប្រាយ៣ប្រកួតដូចគ្នា ស្មើ២ និងចាញ់១ ទទួលបាន២ពិន្ទុប៉ុណ្ណោះ ៕