ភ្នំពេញៈ ក្រុមម្ចាស់ជើងឯកពាន Hun Sen-Cup លើកទី៨ ណាហ្គាខប កំពុងប្រឈមនឹងឧបសគ្គខ្លះៗក្នុងការ ត្រៀមខ្លួនប្រកួតមិត្តភាពលក្ខណៈអន្ដរជាតិជាមួយក្រុម Kimpo របស់សាធារណរដ្ឋកូរ៉េ នៅលើវាលស្មៅពហុកីឡដ្ឋាន ជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ស្អែកនេះ ។
មុននឹងការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-កូរ៉េ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិក និងសហព័ន្ធ កីឡាបាល់ទាត់កម្ពុជាចូលមកដល់នោះ នៅរសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈនេះ ក្រុមណាហ្គាខប ត្រូវបំពេញបេសកកម្ម របស់ខ្លួនក្នុងការប្រកួតជម្រុះពាន Hun Sen-Cup ជាមួយនឹងក្រុមបាល់ទាត់ខេត្តក្រចេះជាមុនសិន ។
ដោយសារត្រូវបំពេញកាតព្វកិច្ចបែបនេះ ម្ចាស់ជើងឯកពាន Hun Sen-Cup ឆ្នាំ២០១៣ (ណាហ្គាខប) ខាងលើនេះ កំពុងតែមានការ ព្រួយបារម្ភយ៉ាងខ្លាំង ក្នុងការសន្សំកម្លាំងទុកប្រកួតជាមួយក្រុម Kimpo របស់កូរ៉េខាងត្បូងនៅថ្ងៃ បន្ទាប់ (ថ្ងៃទី០៦ កុម្ភៈ) ព្រោះថ្ងៃនេះ ណាហ្គាខប ត្រូវចំណាយកម្លាំងច្រើនណាស់ ដើម្បីដណ្ដើមកៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនៃពាន Hun Sen-Cup ឆ្នាំ២០១៤នេះ ។
សូមរំឮកថា ការប្រកួតមិត្តភាពលក្ខណៈអន្ដរជាតិរវាងក្រុមណាហ្គាខបរបស់កម្ពុជា និងក្រុម Kimpo របស់កូរ៉េ គឺដើម្បី ផ្សព្វផ្សាយយុទ្ធនាការ «17th Incheon Asian Games 2014» ដែលគ្រោងនឹងរៀបចំនៅសាធារណៈរដ្ឋកូរ៉េ នាខែ កញ្ញាខាងមុខព្រមទាំងប្រកួតដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស និងរឹតចំណងមិត្តភាពសាមគ្គីភាពរវាងកីឡាករ កម្ពុជានិងកូរ៉េផងដែរ ៕