ភ្នំពេញៈ អ្នកប្រដាល់ ហេង វិឆ័យ មកពីក្លឹបកងពលតូច លេខ៧០ បានណាត់ជួបកីទ្បាករ ចៅ ផលឌឿ មកពី ក្លឹបសំរោងកោងកីទ្បា ដើម្បីសាកកម្លាំងគ្នានៅលើ សង្វៀនបាយ័នស្ទឹងមានជ័យ នាថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ខានស្អែក នេះ ស្របពេលដែល កីទ្បាករ មាស សារិទ្ធ មកពីក្លឹប រការខ្នុរគុនខ្មែរបង្ក្រាប គ្រឿងញៀន ប៉ះ កីទ្បាករ សុខ ចំរើនស្រ៊ុន មកពីក្លឹបមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា(CMAC) ។
ចៅ ផលឌឿ និង ហេង វិឆ័យ ជួបគ្នាក្នុងប្រភេទទម្ងន់៦៧គីទ្បូក្រាម ហើយបើសង្កេតមើលពីក្បាច់គុន ប្រកួត កន្លង មករបស់កីទ្បាករទាំងពីរនេះ ហេង វិឆ័យ គឺជាសិស្សច្បង និងមានបទពិសោធនិ៍ទ្បើងសង្វៀន ច្រើន ជាង ថែមទាំង មានផ្លែល្អទាំងទាត់-ជង្គង់ និងគួបផ្សំជាមួយកណ្តាប់ដៃវាយចេញធ្ងន់ៗចំគោលដៅបានល្អ។ រីឯ ចៅ ផលឌឿ ត្បិតអីមាន បទពិសោធនិ៍តិចជាងក៏ពិតមែន ប៉ុន្តែគេមានកម្លាំងខ្លាំង និងជំនាញប្រើកណ្តាប់ដៃ-កែង និងទាត់ ជាពិសេសនោះគឺគេ មិនដែលញញើតគូប្រកួតមួយណាទ្បើយ ទោះបី ជាគូប្រកួតរបស់គេខ្លាំង យ៉ាងណាក៏ដោយ ។
រីឯការប្រកួតក្នុងប្រភេទទម្ងន់៦៥គីទ្បូក្រាមរវាង មាស សារិទ្ធ និង សុខ ចំរើនស្រ៊ុន វិញបើមើលពីស្នៀត គុនរបស់ កីទ្បាករ ទាំងពីរនេះ សុខ ចំរើនស្រ៊ុន គេមានស្នៀតកំពូលៗច្រើនដូចជាការវាយកណ្តាប់ដៃ ទាត់-ជង្គង់ និងកែង ហើយគេមានភាពរហ័សរហួនទៀតផង ។ ចំណែក មាស សារិទ្ធ វិញក៏មិនអន់ប៉ុន្មានដែរ ពោលគឺគេប៉ិនប្រសប់វាយកែង និងកណ្តាប់ដៃ ហើយអ្វីគួរឲ្យកត់សំគាល់នោះគឺទម្ងន់ជើងដ៏ធ្ងន់របស់គេ ។
ចំណែកគូប្រកួតមិត្តភាពផ្សេងទៀតរួមមានកីទ្បាករ ផាន់ ពិសិដ្ឋ មកពីក្លឹបគុជសារកីទ្បា ប៉ះជាមួយកីទ្បាករ ស៊ឹម ប៊ុនឆៃ មកពីក្លឹបព្រៃទទឹងកីទ្បា ខណៈដែលកីទ្បាករ សល់ អាម៉ៅ មកពីក្លឹបកុសលកីទ្បា ជួបជាមួយ កីទ្បាករ អៀង ចាន់ល័ក្ខ មកពីក្លឹបកងទ័ពជើងគោក និងកីទ្បាករ ចាន់ ភក្តី មកពីក្លឹបនិរោធនិ៍មានជ័យ ប្រកួត ជាមួយកីទ្បាករ ពៅ ទ្បេង មកពី ក្លឹបមជ្ឈមណ្ឌលកីទ្បាខ.ភ.ម ៕