ភ្នំពេញៈ សប្ដាហ៍ទី២ នៃការប្រកួតបាល់ទាត់ ដណ្ដើមពាន League ឆ្នាំ ២០១៤ កាលពីថ្ងៃទី០១-០២ ខែកុម្ភៈ ចុងសប្ដាហ៍មុននេះ ក្រុមដែលមាន សំណាងរកបាន ៣ពិន្ទុមានក្រុម Western United FC, ស្វាយរៀង និងក្រុមត្រាយអាស៊ី ដោយឡែកក្រុមដែល ទទួលបានត្រឹម ១ពិន្ទុមានក្រុមក្រសួង ការពារជាតិ(ទ័ព), ភ្នំពេញក្រោន, អគ្គស្នងការដ្ឋាននគរ បាលជាតិ(ប៉ូលិស), ក្រុមបៀលប្រាយ, គិរីវង់សុខសែនជ័យ និងក្រុមណាហ្គាខប ។
ចំពោះលទ្ធផល ការប្រកួតលើវាលស្មៅ ពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈម្សិលមិញនេះ អតីតក្រុមជើងឯក៤រដូវកាល ភ្នំពេញក្រោន មិនបានសម្រេចមហិច្ឆតា រក៣ពិន្ទុឡើយ ក្រោយពីប្រកួតស្មើជាមួយក្រុមទ័ព ក្នុងលទ្ធផល ១-១ ។ ប្រកួត២តង់ជាប់គ្នា ក្រុមទាំង២ វាយសម្រុកគ្នាទៅវិញទៅមក យ៉ាងខ្លាំងរហូតដល់ ចុងតង់ទី១ កីឡាករ ចាន់ ថាប៊ីន រកគ្រាប់បាល់បាន ១គ្រាប់ឲ្យភ្នំពេញក្រោន ប៉ុន្ដែសំណាងមិនល្អ ដើមតង់ទី២ លេងមិនទាន់នឹង ក្ដៅសាច់ផង កីឡាករ អ៊ុព កាម៉ុល បានជួយឲ្យក្រុមទ័ព ឲ្យតាមស្មើភ្នំពេញក្រោន ១-១ វិញដែលលទ្ធផលនេះក៏បន្ដ រហូតដល់ចប់ការប្រកួតតែម្ដង ។
មួយប្រកួតទៀត ក្រុមបៀលប្រាយ ប្រកួតស្មើលទ្ធផល ១-១ ជាមួយនឹងក្រុមប៉ូលិស ។ ប្រកួតតង់ទី១ ក្រុមទាំង២ បានរក្សាលទ្ធផល 0-0 ដដែល ។ ប៉ុន្ដែលទ្ធផលនេះ ត្រូវប្រែប្រួលនៅតង់ទី២ ទៅវិញ បន្ទាប់ពីកីឡាករ ចាន់ ឆាយ៉ា ធ្វើបានសម្រេច១គ្រាប់ មុនឲ្យក្រុមបៀលប្រាយ នៅនាទី៦៤ ក្រោយមកកីឡាករ ទិត្យ ឌីណា ក៏ទាត់បាល់បញ្ចូលទី បានសម្រេច១គ្រាប់វិញ ឲ្យក្រុមប៉ូលិស នៅនាទី៧៧ ធ្វើឲ្យក្រុមទាំង២ ទទួលបាន គ្រាប់បាល់ ១-១ និងទទួលបាន១ ពិន្ទុដូចគ្នា ក្រោយពីបញ្ចប់នៃការប្រកួតពេញម៉ោង ។
ដោយឡែកលទ្ធផល ដែលធ្វើឲ្យទស្សនិកជន សឹងតែមិនជឿនោះ កាលពីថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈកន្លងមកនេះ អតីតក្រុម ជើងឯក League 2012 ចម្ការកៅស៊ូ បឹងកេត ត្រូវបរាជ័យក្រោមថ្វីជើងក្រុមចំណូលថ្មី ត្រាយអាស៊ី ១-២ ។ តង់ទី១ បឹងកេត និងត្រាយអាស៊ីទទួលបាន គ្រាប់បាល់១គ្រាប់ស្មើគ្នា ដែលរកបាន ដោយកីឡាករ គួច ដានី(ត្រាយអាស៊ី) និងកីឡាករជនជាតិ ហូឡង់ Van Der Hooft Elroy (បឹងកេត) ប៉ុន្ដែតង់ទី២ កីឡាករ សួង វិរៈ បានរកគ្រាប់បាល់ជ័យជំនះ ១គ្រាប់បន្ថែមឲ្យ ក្រុមត្រាយអាស៊ី នៅនាទី៧៤ ។ ចប់ការប្រកួតពេញម៉ោង ៩០នាទីក្រុមត្រាយអាស៊ី ឈ្នះបឹងកេត ២-១ ។
ចំណែកក្រុម Western United FC វិញបានប្រកួតឈ្នះអាស៊ីអឺរ៉ុប ដោយលទ្ធផល ២-១ដូចគ្នា មុននឹងក្រុមការពារ តំណែងជើងឯក ខេត្តស្វាយរៀង បានបំបាក់ ក្រុមចំណូលថ្មី Albirex Niigata PP ៦-២ ស្របពេលដែល ក្រុមណាហ្គា ខប ប្រកួតស្មើជាមួយ ក្រុមគិរីវង់សុខសែន ០-០ ។
គួរបញ្ជាក់ថា ក្រោយពីបញ្ចប់ការប្រកួត សប្ដាហ៍ទី២នេះ ក្រុមឈរនៅកំពូលតារាង ភ្នំពេញក្រោន ឆ្លងកាត់២ប្រកួត ដូចៗគ្នា រកបាន៤ពិន្ទុ ដូចគ្នាទៅនឹង ៣ក្រុមផ្សេងទៀត មាន ណាហ្គាខប, ប៉ូលិស និងត្រាយអាស៊ី ក្នុងករណីឈ្នះ១ និងស្មើ១ ។ ចំពោះបឹងកេត, ស្វាយរៀង និង Western United FC ទើបរកបាន៣ពិន្ទុ ព្រោះ ២ប្រកួតឈ្នះ១ និងចាញ់ ១ ខណៈគិរីវង់ និងក្រសួងការពារជាតិ រកបាន១ពិន្ទុដូចគ្នា ពី២ប្រកួតស្មើ១ និងចាញ់១ ៕