ភ្នំពេញៈ កីទ្បាករ ឯម ខ្លឹមខ្មៅ អ្នកលេងមុខស្ងួតមកពីក្លឹប ឫទ្ធីពោធិ៍សែនជ័យ នឹងឡើងប្រកួតសាក់កម្លាំងជាមួយ កីទ្បាករ ពុធ ហុច មកពីក្លឹបពុធសេរីវង្ស នាល្ងាចថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០១៤ខាងមុខនេះ នៅលើសង្វៀន បាយ័នស្ទឹងមានជ័យ ។ ចាំមើល តើ ឯម ខ្លឹមខ្មៅ អាចយកឈ្នះ ពុធ ហុច បានដែរ ឬក៏យ៉ាងណា ?
នេះគឺជាលើកដំបូងហើយដែលកីឡាករ ពុធ ហុច និង ឯម ខ្លឹមខ្មៅ ត្រូវបានអ្នករៀបចំផ្គូរផ្គងគូប្រកួត ឲ្យកីឡាករ ទាំង២ជួបគ្នាជាគូឯកប្រចាំសប្ដាហ៍។
ឯម ខ្លឹមខ្មៅ គឺជាកីឡាករជើងខ្លាំងមួយរូប ដែលធ្វើកសាងកេរិ៍្ដលើរេញឲ្យល្បីល្បាញ ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែកាលពី ចុងឆ្នាំ២០១៣ កន្លងមកនេះ ឯម ខ្លឹមខ្មៅ បានបាត់បង់ខ្សែក្រវ៉ាត់មួយខ្សែ បន្ទាប់ពីប្រកួតចាញ់កីឡាករ រឿង សោភ័ណ្ឌ ដោយស៊ីឡាក់ទាំងមិនអស់ចិត្ត។
ខ្លឹមខ្មៅ មានស្នៀតប្រយុទ្ធពិសេសៗច្រើនណាស់សម្រាប់ទប់ទល់ និងវាយផ្ដួលគូប្រកួតរបស់ខ្លួនដូចជាការប្រើក ណ្ដាប់ដៃនិងទាត់ជើងជាដើម ប៉ុន្ដែរាល់ពេលប្រកួតម្ដងៗ ខ្លឹមខ្មៅ មិនសូវបើកការវាយប្រហារទៅលើសត្រូវមុនទេ ពោលគឺមានចិត្តធ្ងន់នៅក្នុងការប្រកួតតែម្ដង។
រីឯ ពុធ ហុច ក៏មិនធម្មតាដែរ ត្បិតកីឡាកររូបនេះ មានកម្ពស់ទាបជាង ឯម ខ្លឹមខ្មៅ បន្ដិចក៏ពិតមែនប៉ុន្ដែការជួបគ្មាន ជាមួយ ខ្លឹមខ្មៅ លើកដំបូងនេះ គ្មាននរណាម្នាក់ ហ៊ានទស្សទាយទុកមុននោះទេថា កីឡាករណាមានប្រៀបជាងនោះ ។ បើនិយាយពីប្រវត្តិប្រកួតកន្លងមក ពុធ ហុច មានបទពិសោធន៍ប្រហាក់ប្រហែល ខ្លឹមខ្មៅ ដែរ។ ដូច្នេះការជួបគ្នា រវាង កីឡាករ ឯម ខ្លឹមខ្មៅ និងកីឡាករ ពុធ ហុច ខាងមុខនេះ គឺពិតជាធ្វើឲ្យកក្រើកសង្វៀនបាយ័នជាមិនខាន ។
ចំណែកកីឡាករ សរ សី មកពីក្លឹបក្រសួងការពារជាតិ ត្រូវជួបជាមួយកីឡាករ បឿត រិទ្ធី មកពីក្លឹបនិរោធមានជ័យ, កីទ្បាករ ស្រិល ទ្រី មកពីក្លឹប គុជសារកីទ្បា ប៉ះកីទ្បាករ ស៊ីម ប៊ុនឆៃ មកពីក្លឹបព្រៃទទឹងកីទ្បា, កីទ្បាករ ម៉ន បារំាង មកពីក្លឹបព្រែកឯងកីទ្បា ប៉ះកីទ្បាករ ជួប ជាង មកពីក្លឹប និរោធនិមានជ័យ និងកីទ្បាករ សែន ហ៊ាន មកពីក្លឹប កងទ័ពជើងគោក ជួបជាមួយកីទ្បាករ ប៉ន ពឹង មកពីក្លឹបមជ្ឈមណ្ឌលកីទ្បាខេមរភូមិន្ទ ៕