ភ្នំពេញៈ កីទ្បាករ សួង សុវណ្ណថា មកពីក្លឹបក្រសួង ការពារជាតិ ចាញ់ពិន្ទុ កីទ្បាករ ម៉ន សាម៉េត មកពីក្លឹបព្រែកឯងកីទ្បា ក្នុងការប្រកួតកាលពី ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០១៤កន្លងទៅ នៅសង្វៀនបាយ័ន ស្ទឹងមានជ័យ ខណៈ កីទ្បាករ វ៉ាន់ ចាន់វ៉េត មកពី ក្លឹបគុជសារកីទ្បា ឈ្នះ កីទ្បាករ ស្វាយ រដ្ឋា មកពីក្លឹប កងរាជអាវុធហត្ថ រាជធានីភ្នំពេញ (PMPP) ដោយពិន្ទុ។
នៅក្នុងជំនួបរវាង ម៉ន សាម៉េត ជាមួយ សួង សុវណ្ណថា នៅក្នុងទឹកទី១ ដល់ទឹកទី៣ កីទ្បាករទាំងពីរ បានធ្វើការវាយសម្រុកគ្នា ទៅវិញទៅមកយ៉ាងខ្លាំង ។ ពេលចូលដល់ទឹកទី៣ ដល់ទី៥ ម៉ន សាម៉េត ហាក់មានប្រៀបជាង សួង សុវណ្ណថា ដោយបានវាយសម្រុក និងប្រើកណ្តាប់ដៃធ្ងន់ៗ ទាត់-ជង្គង់ ជាពិសេស គឺការវាយកែង ចេញចំគោលដៅផ្ទួនៗ តែម្ដង។ ចំណែក សួង សុវណ្ណថា បានត្រឹមតែរង និងគេចយករួចខ្លួន ប៉ុណ្ណោះ។ ចប់ការប្រកួតលោក អាជ្ញាកណ្ដាល ក៏បានកាត់សេចក្ដីឲ្យ ម៉ន សាម៉េត ឈ្នះ សួង សុវណ្ណថា ដោយពិន្ទុ ។
យ៉ាងណាមិញ ក្នុងការប្រកួតរវាង ស្វាយ រដ្ឋា និង វ៉ាន់ ចាន់វ៉េត ក្នុងទឹកទី១ កីទ្បាករទាំងពីរ បានធ្វើការ វាយស្ទាបស្ទង់គ្នាទៅវិញទៅមក ប៉ុន្តែនៅពេលចូល ដល់ទឹកទី២ដល់ទឹកទី៥ វ៉ាន់ ចាន់វ៉េត បានប្រើកណ្តាប់ដៃធ្ងន់ៗ គួបផ្សំជង្គង់អុកចំពោះ និងទាត់យ៉ាងខ្លាំង ទៅលើ ស្វាយ រដ្ឋា រហូតចប់ ការប្រកួត វ៉ាន់ ចាន់វ៉េត ឈ្នះ ស្វាយ រដ្ឋា ដោយពិន្ទុ។
ចំណែកលទ្ធផលគូប្រកួត មិត្តភាពផ្សេងទៀត ដូចជាកីទ្បាករ ខន វិចិត្រ មកពីក្លឹបតាទ្បីដំរីមានរិទ្ធ បានសន្លប់នៅក្នុងទឹកទី៣ ក្រោថ្វីដៃ កីទ្បាករ ជុប ជាង មកពីក្លឹបនិរោធមានជ័យ ។ កីទ្បាករ ឆាយ ម៉េត មកពីក្លឹបសំរោង កោងកីទ្បា ផ្តួលកីទ្បាករ ឯម ចាន់ឌី មកពីក្លឹបឫទ្ធីពោធិ៍សែនជ័យ ឲ្យសន្លប់ក្នុងទឹកទី២ និងកីទ្បា ករ គុជ វិចិត្រ មកពីក្លឹបគុជសារកីទ្បា សន្លប់នៅក្នុងទឹកទី២ ក្រោមកណ្តាប់ដៃកីទ្បាករ យ៉ន វិចិត្រ មកពី ក្លឹបកងពលតូចឆ័ត្រយោង លេខ៩១១៕