ភ្នំពេញៈ ការប្រកួតកីទ្បា ប្រដាល់ក្បាច់បុរាណខ្មែរ លក្ខណៈមិត្តភាពជាតិ នៅសង្វៀនបាយ័នស្ទឹងមានជ័យ នាល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ កីទ្បាករ មាស ភារម្យ មកពីក្លឹបកងទ័ព ជើងទឹក បានប្រកួតឈ្នះ កីទ្បាករ ពេជ្រ អារុណ មកពីក្លឹបសំរ៉ែករាជសីហ៍ បង្រ្កាបគ្រឿងញៀន ដោយពិន្ទុ រីឯកីទ្បាករ រាជសី ចាន់ឌី មកពីក្លឹបសំរ៉ែករាជសីហ៍ បង្រ្កាបគ្រឿងញៀន ប្រកួតចាញ់ពិន្ទុ កីទ្បាករ ផាន់ ពិសិដ្ឋ មកពីក្លឹបគុជសារកីទ្បា ។
សម្រាប់ជំនួប មាស ភារម្យ និងកីទ្បាករ ពេជ្រ អារុណ ប្រភេទទម្ងន់ ៧០គ.ក្រ បើមើលពីការប្រកួត រវាងកីទ្បាករទាំងពីរ នៅក្នុងទឹកទី១ដល់ទឹកទី៣ ការវាយចេញ ដោយកណ្តាប់ដៃ និងទាត់ គឺល្អប្រហាក់ប្រហែលគ្នា ប៉ុណ្ណោះ ប៉ុន្តែពេលចូលទឹកទី៤ និងទឹកទី៥ កីទ្បាករ ពេជ្រ អារុណ ចុះខ្សោយកម្លាំងនិង ផ្អាកការវាយសម្រុក ជាឱកាស មាស ភារម្យ បានវាយបំបុកសន្ធប់ យករហូតធ្វើឲ្យ ពេជ្រ អារុណ បិះដាច់ផ្ងាម្ដងៗទៅហើយ ចប់ការប្រកួត កីទ្បាករ មាស ភារម្យ ឈ្នះពិន្ទុ កីទ្បាករ ពេជ្រ អារុណ តែម្ដង ។
រីឯការជួបគ្នាប្រភេទទម្ងន់ ៥៤គ.ក្ររវាងកីទ្បាករ ផាន់ ពិសិដ្ឋ និងរាជសីហ៍ ចាន់ឌី ក៏ទទួលបានចាប់អារម្មណ៍ពី ទស្សនិកជនមិនតិចដែរ នៅពេល ផាន់ ពិសិដ្ឋ បានវាយសម្រុកទីលើ កីទ្បាករ រាជសីហ៍ ចាន់ឌី មិនដកដៃ ៥ទឹកពេញនោះ ដែលធ្វើឲ្យ រាជសីហ៍ ចាន់ឌី ចាញ់ពិន្ទុ ផាន់ ពិសិដ្ឋ ដោយអស់ចិត្ត ។
ចំណែកការប្រកួត លក្ខណៈមិត្តជាតិ កីទ្បាករ ម៉ន សំបុត្រ មកពីក្លឹបព្រែកឯងកីទ្បា ចាញ់ កីទ្បាករ សុខ ស៊ីទ្បាក់ មកពីក្លឹបកងពលតូចឆ័ត្រយោងលេខ ៩១១ ដោយពិន្ទុ, កីទ្បាករ ទឹម សុជាតិ មកពីក្លឹបកងទ័ពជើងគោក បានយកឈ្នះ កីទ្បាករ អាន មុន្នី មកពីក្លឹបយុវជនកម្ពុជា មានជ័យដោយពិន្ទុ, កីទ្បាករ រិទ្ធ កៅ មកពីក្លឹបមជ្ឈមណ្ឌលកីទ្បា ចាញ់ក្រោមថ្វីដៃ កីទ្បាករ ជួប ជាង មកពីក្លឹបនិរោធមានជ័យដោយពិន្ទុ និងកីទ្បាករ វុត្ថា រាជនី មកពីក្លឹបអង្គរធំគុនខ្មែរ ឈ្នះពិន្ទុ កីទ្បាករ ចាន់ ប៊ុនយុំាង មកពីក្លឹបនិរោធមានជ័យ ដោយសន្លប់ក្នុងទឹកទី២ ៕