ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ចំណូលថវិកាជាតិ បានមកពីផលព្រៃឈើ ក្នុងរយៈពេល៩ខែដំបូង ឆ្នាំ២០១៣នេះ មានចំនួនជិត ១១លានដុល្លារ ក្នុងនោះចំណូលបានពី ផលទុនពីការលក់-ជួល ទ្រព្យសម្បត្តិ និងសេវា ចំនួនជិត៩លានដុល្លារ និងចំណូលបានពី ការផាកពិន័យ ឈើល្មើសច្បាប់ ចំនួនជាង២លានដុល្លារ ។
បើយោងតាមរបាយការណ៍ ស្តីពីស្ថានភាពកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំ៩ខែឆ្នាំ២០១៣ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃទី២៣ ខែវិច្ឆិកានេះបានឲ្យដឹងថា នៅ៩ខែដើមឆ្នាំនេះ «ចំណូលបានពីផលព្រៃឈី ចូលថិវកាជាតិសរុបចំនួន ៤៣.៤៦៣.៥៥៣.៨៩៥ រៀល (ប្រហែល ១០.៨៦៥.៨៨៨,៤៧ដុល្លារ) ដែលក្នុងនោះ ចំណូលបានពីផលទុន ការលក់-ជួយទ្រព្យសម្បត្តិ និងសេវា ចំនួន ៣៥.៤៤៤.៣៩៤.៦៥៨រៀល(ប្រហែល ៨.៨៦១.០៩៨,៦៦ដុល្លារ) និងចំណូលបានពី ការផាកពិន័យឈើ ដែលបានមកពីការ បង្រ្កាបបទល្មើសចំនួន ៨.០១០.៣៥៩.២៣៧រៀល (ប្រហែល ២.០០២.៥៨៩,៨០ដុល្លារ) »។
ដោយឡែកសម្រាប់ ចំណូលថវិកាជាតិបាន ពីវិស័យជលផលវិញ បានចំនួន ១.៩១៩.១៧៧.៣៩១ រៀល(ប្រហែល ៤៧៩.៧៩៤,៣៤ដុល្លារ) មានការធ្លាក់ចុះបើ ធៀបនឹងរយៈពេល កាលពីឆ្នាំមុន ដែលឆ្នាំមានចំនួន ១.៩៥៣.១២៥.៧៥៩ រៀល(៤៨៨.២៨១,៤១ដុល្លារ)។ របាយការណ៍ដដែល បន្ថែមថា ការនាំចេញផល នេសាទនារយៈពេល ៩ខែឆ្នាំ២០១៣នេះបានការធ្លាក់ចុះ ដោយការនាំចេញ ផលនេសាទស្រស់បានចំនួន ៨.៥០០តោន បើធៀបនឹងរយៈពេលដូចគ្នា ថយចុះ ២.០០០តោន។ ខណៈផលនេសាទ កែច្នៃនាំចេញបានចំនួន ៤.៥០០តោន ធៀបរយៈពេលដូចគ្នាថយចុះចំនួន ៥០០តោន៕