ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ក្តាមធូណាក្រហមមួយហ្វូងធំ បានឡើងមកនៅពេញឆ្នេរ នៃរដ្ឋកាលីហ្វញ៉ាភាគខាងត្បូង ក្នុងសប្តាហ៍នេះ ដោយសារតែទឹកសមុទ្រ មានសីតុណ្ហភាពក្តៅខ្លាំងពេក។
ដោយឡែកគេហទំព័រព័ត៌មាន CBS បានឲ្យដឹងថា ក្តាមតូចប្រវែង ៧.៦ សង់ទីម៉ែត្រ បានអណ្តែតមកទើរពេញឆ្នេរសមុទ្រ ដែលមើលទៅដូចជាកម្រាលព្រុំ ពណ៌ក្រហមដែលមានកំរាស់ ៤០ សង់ទីម៉ែត្រ ដែលបានធ្វើឲ្យអ្នករស់នៅក្នុងតំបន់ ព្រមទាំងក្រុមអ្នកវិទ្យាសាស្រ្ត មានការភ្នាក់ផ្អើលយ៉ាងខ្លាំង។ ។
យោងទៅតាមការស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា ភាពជ្រួលច្របល់របស់ ក្តាមពណ៌ក្រហមនេះ កើតឡើងដោយសារ ការកើនឡើងនៃសីតុណ្ហភាព របស់ទឹកសមុទ្រ ដែលជាហេតុធ្វើឲ្យពួកវា មិនអាចទំលាប់ជាមួយនឹង បរិយាកាសនេះបាន។
ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកជំនាញបានធ្វើ ការហាមឃាត់ដល់អ្នក រស់នៅក្នុងតំបន់ថា មិនត្រូវបរិភោគក្តាមទាំងនោះទេ ដោយពួកវាប្រហែលជា មានសារធាតុពុលចេញពីទឹក៕