Louis van Gaal អ្នកចាត់ការក្រុម បិសាចក្រហម Manchester United បានសរសើរ ដល់ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ថាជា “ខ្សែប្រយុទ្ធពិតៗ” បន្ទាប់ពី កីឡាកររូបនេះ ស៊ុត១គ្រាប់ជួយឲ្យ Man Utd ឈ្នះ Man City ១-០ នៅប្រកួត Derby យប់មិញ។
Rashford គឺជាអ្នកស៊ុតបញ្ចូលទីតែ១គ្រាប់គត់ ក្នុងការប្រកួតធំនៅ Premier League យប់មិញ ដោយខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះ បានអូសញាក់ដាច់ខ្សែការពារ Martin Demichelis និងស៊ុតផុតដៃអ្នកចាំទី Joe Hart របស់ Man City យ៉ាងល្អឥតខ្ចោះ តាំងពីនាទីទី១៦។
ក្រោយចប់ការប្រកួត អ្នកចាត់ការ Van Gaal បានប្រាប់ដល់ Sky Sports ថា៖ “គាត់ (Rashford) គឺជាខ្សែប្រយុទ្ធពិតៗ ហើយនោះគឺជាមូលហេតុ ដែលខ្ញុំដាក់ឲ្យគាត់លេងនៅតំបន់នោះ ព្រោះគាត់អាចរកគ្រាប់បាល់បញ្ចូលទីបាន។ ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់ ប៉ុន្តែគាត់ទើបតែអាយុ១៨ឆ្នាំ ដូច្នេះយើងត្រូវចាំមើលថា តើគាត់អាចរក្សាស្ថិរភាពទម្រង់លេងដ៏ល្អនេះបានទៀត ឬយ៉ាងណា?”។
១គ្រាប់របស់ Rashford យប់មិញនេះ មានន័យថា កីឡាករវ័យក្មេងអង់គ្លេសរូបនេះស៊ុតឲ្យ ManUtd ៥គ្រាប់ហើយ បន្ទាប់ពីបង្ហាញខ្លួន ៨ប្រកួតនៅឈុតធំ តាំងពីប្រកួត UEFA Europa League ទល់នឹងក្រុម FC Midtjylland ចុងខែមុនមក៕
ប្រភព៖Sabay