ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា៣រូប ប៉ះជាមួយអ្នកប្រដាល់ថៃ ២រូប និងអ្នកប្រដាល់ប្រេស៊ីល១រូប នៅក្នុងកម្មវិធីប្រដាល់ពេលព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ នៅសង្វៀន SEA-TV ។
ក្នុងនោះដែរ អ្នកប្រដាល់ ឡៅ ចន្ទ្រា ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ Pheach Nam Ek ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ បើតាមលោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ SEA-TV ឲ្យដឹងថា ឡៅ ចន្ទ្រា កាលពីចុងសប្តាហ៍មុន បានភ្លាត់ស្នៀតត្រូវបានអ្នកប្រដាល់ថៃ Kaophong Chaiphum វាយឲ្យសន្លប់ក្នុងទឹកទី២ ដែលជាលើកទី២សម្រាប់រូបគេដែរ ។
ដូច្នេះក្នុងការជួបជាមួយ Pheach Nam Ek លើកនេះ ចន្ទ្រា អាចនឹងជួបការបរាជ័យទៀត ព្រោះថា អ្នកប្រដាល់ថៃ ដែលមកប្រកួតជាមួយគេនេះក៏ខ្លាំងដែរ ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត៦៨លើក ឈ្នះ៥៦លើក ចាញ់១១លើក និងស្មើ១លើក គ្រាដែល ឡៅ ចន្ទ្រា ធ្លាប់ប្រកួតបាន៦២លើក ឈ្នះ៥៩លើក និងចាញ់៣លើក មិនដែលស្មើ ។
សម្រាប់អ្នកប្រដាល់ ឯម សុធី ក្លឹបឫទ្ធីពោធិ៍សែនជ័យ ជួបអ្នកប្រដាល់ថៃ PhunSavath ក្នុងទម្ងន់ ៥៤គ.ក្រ ។ អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរ២ដង លើកទី១វាយឈ្នះ អ្នកប្រដាល់ ម៉ន ព្រំម៉ាញ ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទឹកទី៤ និងលើកក្រោយវាយចាញ់អ្នកប្រដាល់ បាង កាយ៉ាក់ ក្លឹបអប្សរាគុនខ្មែរដោយពិន្ទុ ។
Phun Savath អ្នកប្រដាល់ថៃដែលមានកម្ពស់ប្រហាក់ប្រហែលនឹង ឯម សុធី ដែរតែកំណត់ត្រាប្រកួតរបស់ពួកគេ លើសប្រមាណ២០លើកឯណោះ Phun Savath ប្រកួតបានចំនួន៦៩លើក ដោយឈ្នះ៦៥លើក ចាញ់៤លើកមិន ដែលស្មើ ខណៈដែល ឯម សុធី អ្នកប្រដាល់កម្ពុជា ប្រកួតបានចំនួន៤៩លើក ឈ្នះ៣៨លើក ចាញ់១០លើក និងស្មើ១លើក ។ ឯម វាយល្អ ខ្លាំង និងមានស្នៀតជើងល្អ និងខ្លាំងនោះ ។
ចំណែកអ្នកប្រដាល់ លាស់ យីន (រាជសីហ៍បាបា) ក្លឹបតាព្រហ្មមានជ័យត្រូវឡើងប្រកួតជាមួយអ្នកប្រដាល់ប្រេស៊ីល K.Ros ក្នុងទម្ងន់៦០គីឡូក្រាម ។ តាមលោក ញាណ សុធី ឲ្យដឹងនោះ K.Ros ទើបតែប្រកួតបាន៣៥លើកទេ ដោយវាយឈ្នះ២៤លើក ចាញ់១០លើក និងមានកម្ពស់ ១,៦៩ ម៉ែត្រ លើស លាស់ យីន តែ២សង់ម៉ែត្រប៉ុណ្ណោះ ។ អ្នកប្រដាល់ប្រេស៊ីលរូបនេះ មានកណ្តាប់ដៃលឿន រហ័ស ដូចអ្នកប្រដាល់សកលអាជីពអីចឹង ។ ដូច្នេះ លាស់ យីន មិនអាចធ្វេសប្រហែសបានឡើយ តិចលោកវាយមើលស្រាល K.Ros គឺច្បាស់ជាស៊យធំហើយ ៕