ភ្នំពេញ៖ វីរៈនារីឆ្នើមលើវិញ្ញាសាកីឡាប៉េតង់ ដែលដណ្ដើមយកមេដាយ មាសពិភពលោកជូនជាតិមុនគេ កាលពីឆ្នាំ ២០១៣ កន្លងទៅគឺកីឡាការិនី កែ ឡេង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «សម្រាប់ការចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរីពេលនេះ ខ្ញុំដឹងតែឈ្នះមេដាយត្រឡប់មកវិញ ប៉ុន្ដែខ្ញុំមិនទាន់ដឹងថា ជាមេដាយអ្វីនោះទេ» ។
កីឡាការិនី កែ ឡេង បានលើកឡើងបែបនេះ មុនអ្នកស្រីឡើងយន្ដហោះធ្វើដំណើរឆ្ពោះទៅប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១៥ នេះនៅអាកាសយានដ្ឋានភ្នំពេញអន្ដរជាតិ ។ កែ ឡេង បានបន្ដថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងប្រជាពលរដ្ឋខ្មែរ ដែលតែងតែគាំទ្រវិស័យ កីឡាកម្ពុជា លោកស្រីបានខិតខំធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ។
កីឡាការិនីវ័យ៥១ឆ្នាំរូបនេះ បានបន្ថែមថា «នៅពេលនេះ ខ្ញុំបានទទួលភារកិច្ចដ៏សំខាន់មួយសាជាថ្មី គឺការចូលរួមប្រកួតកីឡា SEA Games នៅសិង្ហបុរី ហើយខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការប្រកួតស្វែងរកមេដាយជូនប្រទេសជាតិកម្ពុជា ។ ខ្ញុំដឹងថា SEA Games លើកនេះ ប្រទេសនីមួយៗ សុទ្ធតែពូតយកកីឡាករល្អៗទៅប្រកួត ដូច្នេះវាអាចមានភាពលំបាកជាងមុន ប៉ុន្ដែខ្ញុំជឿជាក់ថា ខ្ញុំនឹងដណ្ដើមបានមេដាយ ប៉ុន្ដែមេដាយអ្វីនោះ ខ្ញុំនៅមិនប្រាកដទេ» ។
ដោយទទួលបានការអនុញ្ញាតឲ្យលេងចំនួន២វិញ្ញាសាម្នាក់ឯង គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយគូ កីឡាការិនី កែ ឡេង កាន់តែមានទំនុកចិត្ត ក្នុងការដណ្ដើមមេដាយ ប៉ុន្ដែអ្នកស្រីក៏មានការព្រួយបារម្ភខ្លះផងដែរ ចំពោះការលេងវិញ្ញាសាវាយគូ ពោលគឺខ្លាចដៃលេងមិនបានល្អ តែបើវិញ្ញាសាវាយយកពិន្ទុវិញ កីឡាការិនីឆ្នើមរូបនេះ ជឿជាក់ថា នឹងយកមេដាយឲ្យបានដូចកាលពី SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៣ កន្លងទៅអញ្ចឹង ខណៈពេលនោះ គាត់ដណ្ដើមបានមេដាយមាស ៕