ភ្នំពេញ៖ ខ្លាចាស់ ឡៅ ស៊ីណាត អ្នកលេងគុនខ្មែរដ៏ល្បី ឈ្មោះនាពេលបច្ចុប្បន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ខាង នឹងជួបសាកល្បងក្បាច់គុនជាមួយកីឡាករថៃ Payator Houy Rai ជាលក្ខណៈមិត្តភាពអន្ដរជាតិនៅលើសង្វៀន បាយ័នស្ទឹងមានជ័យ ខណៈកីឡាករ ឯម លីថូ ក៏ត្រៀមយុទ្ធសាស្ដ្រស្វាគមន៍កីឡាករថៃ Watcharak Sak ក្នុងថ្ងៃជា មួយគ្នានោះដែរ ។
ឡៅ ស៊ីណាត ជាកីឡាករជើងចាស់មួយរូបដែលសម្បូរទៅដោយកលល្បិចក្នុងការប្រកួត ហើយក៏មានកេរ្ដិ៍ល្បីល្បាញ គ្រាន់បើផងដែរ បន្ទាប់ពីការកសាងតាមរយៈការប្រកួតលក្ខណៈមិត្តភាពជាតិ-អន្ដរជាតិជាមួយនឹងកីឡាករជើងខ្លាំងៗ ដូចគ្នានាពេលកន្លងមក ។ ស៊ីណាត ត្រូវបានមហាជនសម្លឹងឃើញពីសមត្ថភាពដ៏ពិសេសរបស់គេ នៅពេលឡើង ប្រកួតជាមួយកីឡាករ វង្ស ណយ ដែលជាគូសត្រូវស្លាប់រស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
សម្រាប់ជំនួបមិត្តភាពអន្ដរជាតិជាមួយកីឡាករ Payator សប្ដាហ៍នេះវិញ ក្នុងនាមជាអ្នកប្រដាល់អាជីពម្នាក់ ឡៅ ស៊ីណាត មិនមានភាពតក់ស្លុតអ្វីឡើយ ហើយក៏មានជំនឿចិត្តយ៉ាងមុតមាំ ដើម្បីផ្ដួលកីឡាករជើងខ្លាំងថៃរូបនេះផងដែរ ដោយប្រើស្នៀតពិសេសៗរបស់ខ្លួន រួមមានជំនាញប្រើកណ្ដាប់ដៃ និងកែងជាដើម ។ រីឯ Payator មិនត្រូវបានគេ ទម្លាយពីប្រវត្តិប្រកួតល្អ ឬយ៉ាងណានោះទេ ព្រោះនេះជាលើកទី១ហើយ ដែលកីឡាករថៃរូបនេះមកប្រកួតនៅលើដី សង្វៀនប្រដាល់កម្ពុជា ។
ចំណែកកីឡាករល្បីឈ្មោះស្រករក្រោយ ឯម លីថូ ក៏ត្រូវជួបជាលើកដំបូងជាមួយកីឡាករ Watcharak Sak ក្នុងនាមជាគូពិសេសប្រចាំសប្ដាហ៍ផងដែរ ។ លីថូ មានកម្ពស់ទាប មាឌតូច ប៉ុន្ដែសាច់ស្នៀតល្អគួរសម គឺអាចប្រកួត យកជាការបាន ។ ដោយឡែក Watcharak ទើបមកប្រកួតលើសង្វៀនកម្ពុជាជាលើកទី១ ដូចកីឡាករ Payator ដែរ ហេតុដូច្នេះ គេមិនទាន់ដឹងអំពីសមាសភាពពិតប្រាកដថា ខ្លាំង ឬក៏អន់ទេ គឺមានតែរង់ចាំទស្សនាការប្រកួតទាំងអស់ គ្នាប៉ុណ្ណោះ ទើបដឹងថា Watcharak ខ្លាំងជាង ឬក៏កីឡាករម្ចាស់ផ្ទះ ឯម លីថូ ខ្លាំងជាងនោះ?
កីឡាករ ឡៅ ស៊ីណាត (ឆ្វេង) និង កីឡាករថៃ Payator Houy Rai
កីឡាករ ឯម លីថូ (ឆ្វេង) និង កីឡាករថៃ Watcharak Sak