ក្រុងមែនឆេស្ទើ៖ ក្រុមបិសាចក្រហម Manchester United បានទទួល ៣ពិន្ទុបន្ថែមយ៉ាងងាយ ក្រោយយកឈ្នះម្ចាស់ ផ្ទះហង្សក្រហម Liverpool ដោយលទ្ធផលបច្ចេកទេស ២-១ ក្នុងជំនួបជើងទី២ នៃពានរង្វាន់ Premier Leaguer កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥នេះ ។
ការទទួលបាន ៣ពិន្ទុក្រៅទឹកដីលើកនេះ បានធ្វើឲ្យលោក Louis Van Gaal គ្រូបង្វឹករបស់ក្លឹប Maanchester United សម្ដែងការត្រេកអរជាខ្លាំង បើទោះបីក្លឹបលោកមិនអាចដណ្ដើមកៅអីលេខរៀងទី៣ ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងមាន ៦០ពិន្ទុក្នុងដៃក៏ដោយ ។
តែទោះជាយ៉ាងណាត្បិតតែការប្រកួតបានធ្វើឡើងនៅលើទឹកដី Liverpool ក៏ពិតមែន ប៉ុន្ដែទម្រង់ជាក់ស្ដែងក្រុមភ្ញៀវ Maanchester United បានដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះហង្សក្រហម ហើយទទួលបានគ្រាប់បាល់នាំមុខចំនួន ២ គ្រាប់ទៀតផង ដែលធ្វើសម្រេចដោយកីឡាករ Juan Mata នៅនាទីទី១៤ និងនាទីទី៥៩ មុននឹងកីឡាករ Daniel Sturridge វាយបកឲ្យក្រុម Liverpool បាន ១គ្រាប់វិញនៅនាទីទី៦៩ ។
ជ័យជំនះលើកនេះ បានជួយឲ្យក្រុមបិសាចក្រហម Maanchester United រក្សាចំណាត់ថ្នាក់លេខ៤ ក្នុងតារាងដដែល ជាមួយនឹងការមាន ៥៩ពិន្ទុក្នុងដៃ ។ រីឯក្រុមហង្សក្រហម Liverpool ក៏រក្សាចំណាត់ថ្នាក់លេខ៥ ក្នុងតារាងផងដែរ ប៉ុន្ដែទើបតែរកបាន ៥៤ពិន្ទុប៉ុណ្ណោះ សម្រាប់ការប្រកួត ៣០លើកកន្លងមកដូចគ្នា ក្នុងរដូវកាលថ្មី ឆ្នាំ២០១៥នេះ ៕