Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Advans ក្លាយជាម្ចាស់​ ភាគហ៊ុនធំ នៅក្នុង គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​អម្រឹត

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Advans SA បានក្លាយជា ម្ចាស់ភាគហ៊ុនធំ នៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៃប្រទេសកម្ពុជាហើយ បន្ទាប់ពីទិញភាគហ៊ុនបន្ថែម កើនដល់ ៥២,៨ភាគរយ ។

លោក Claude Falgon ដែលជាប្រធាន ក្រុមប្រឹក្សាភិបាល របស់អម្រឹត និងជានាយកប្រតិបត្តិរបស់ Advans បានថ្លែងថា៖ “យើងខ្ញុំមានមោទនភាព សូមប្រកាសថា នៅពេលនេះ អម្រឹតក្លាយជាសមាជិកពេញលេញនៃ Advans Group ហើយយើងជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំរបស់យើង នឹងផ្ដល់ផលប្រយោជន៍ដល់អម្រឹត និងការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Advans ទាំងមូល ។ ឆ្នាំ ២០០៦ គឺជាឆ្នាំដំបូងដែលក្រុមហ៊ុន Advans បានមកវិនិយោគជាមួយ អម្រឹត ។ ក្នុងប្រតិបត្តិការ នៃដើមឆ្នាំ២០១៥នេះ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុន Advans SA ទិញយកភាគហ៊ុន អម្រឹតចំនួន ៨,៤ ភាគរយ បន្ថែមទៀត ដើម្បីបង្កើន ភាគហ៊ុនរបស់ខ្លួនពី ៤៤,៤ ភាគរយ ទៅដល់ ៥២,៨ ភាគរយ ។

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ដែលផ្ដល់សេវាហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) និងដល់ប្រជាជនដែលមានប្រាក់ចំណូលពីទាបទៅមធ្យម ដោយផ្ដោត ជាចម្បងទៅលើទីជនបទ វិស័យកសិកម្ម ទីរួមស្រុក និងទីរួមខេត្ត ។

បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកចំនួនជាង ២,៩០០ នាក់ ហើយកំពុង បម្រើសេវាកម្ម ជូនអតិថិជនជាង ៣៦៧,០០០ នាក់ នៅតាមសាខាចំនួន ១២៨ ទីតាំងទូទាំងប្រទេសកម្ពុជា ។ ក្នុងនោះ អម្រឹតទទួល បានប្រាក់បញ្ញើជាង ១៥៦ លានដុល្លារអាមេរិក និងផ្ដល់ប្រាក់កម្ចីជាង ៣០៩ លានដុល្លារអាមេរិក ។

Advans SA មានការិយាល័យកណ្ដាលនៅក្នុងប្រទេសលុចហ្សំបួរ ដែលត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ ២០០៥ ដោយក្រុមហ៊ុន Horus Development Finance (Horus) ។ក្រុមហ៊ុន Advans មាន ដើមទុនចំនួន ៦៣,៣ លានអឺរ៉ូ ។ បេសកកម្មរបស់ Advans គឺដើម្បីកសាងបណ្ដាញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ និងបណ្ដាប្រទេសកំពុងងើបលូតលាស់ ដើម្បីផ្ដល់នូវសេវាហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ដែលមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាពទទួលបានសេវាធនាគារ ។

បច្ចុប្បន្ន Advans បានពង្រីកបណ្ដាញរបស់ខ្លួនចំនួន ៩ ប្រទេស រួមមាន កម្ពុជា កាម៉េរូន ហ្គាណា សាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ តង់ហ្សានី កូឌឺវ័រ ប៉ាគីស្ថាន នីហ្សេរីយ៉ា និងទុយនេស៊ី ។

ជាមួយគ្នានេះផងដែរ IFC ដែលជាសមាជិករបស់ World Bank Group បានទិញយកភាគហ៊ុនចំនួន ១៩,៩ ភាគរយនៃទុនសរុបរបស់អម្រឹត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំបំផុតលំដាប់ទីបីនៅកម្ពុជា បើគិតលើប្រាក់កម្ចីសរុប។ ការវិនិយោគនេះ នឹងជួយបង្កើនការផ្ដល់ប្រាក់កម្ចី ដល់អាជីវកម្ម ខ្នាតតូចបំផុត និងខ្នាតតូច ក៏ដូចជាដល់អតិថិជន ឥណទានដែលមានប្រាក់ចំណូល ពីទាបទៅមធ្យម ។

លោក ជា ផល្លារិន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា “ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ IFC យើងពិតជាមានជំនឿ យ៉ាងមុតមាំថា អាជីវកម្មរបស់យើង នឹងរីកលូតលាស់ យ៉ាងឆាប់រហ័ស ហើយអាច ផ្តល់កម្ចីបន្ថែមទៀត ដល់អាជីវកម្មតូចៗ និងអតិថិជនឥណទាន “ ។

IFC ដែលជាសមាជិករបស់ World Bank Group គឺជាស្ថាប័នមួយដ៏មានឥទ្ធិពល ក្នុងការជំរុញការ អភិវឌ្ឍន៍ជុំវិញ ពិភពលោក ដោយផ្ដោតទាំងស្រុង ទៅលើវិស័យឯកជន ។ ដោយធ្វើការជាមួយ សហគ្រាស ឯកជន នៅក្នុងបណ្ដាប្រទេស ប្រមាណជា ១០០ ប្រទេស យើងប្រើប្រាស់ដើមទុន ជំនាញ និងឥទ្ធិពល របស់យើងដើម្បី ជួយលុបបំបាត់ ភាពក្រីក្រធ្ងន់ធ្ងរ និងបង្កើនការលើកស្ទួយ ភាពរុងរឿង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles