Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្រវត្តិសង្ខេប និងស្នាដៃ​លោក ឈួន ឡេង មុន​ទទួល​មរណភាព

$
0
0

ភ្នំពេញ៖ មុនលោក ឈួន ឡេង ទទួលមរណៈភាព តើលោកធ្លាប់បានកសាងស្នាដៃអ្វីខ្លះក្នុងវិស័យកីឡា ដើម្បីប្រទេសជាតិកម្ពុជាយើង? ក្នុងការរំលឹកដឹង គុនចំពោះការលះបង់កម្លាំងកាយចិត្ត និងការខិតខំប្រឹងប្រែងលើកស្ទួយវិស័យកីឡា ជាតិអស់រយៈពេលជាង៤០ឆ្នាំកន្លងទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានសរសេរអំពីប្រវត្តិសង្ខេប និងស្នាដៃមួយចំនួនដែលលោក ឈួន ឡេង ធ្វើបានក្នុងអំឡុងពេលដឹកនាំនោះ ។

លោក ឈួន ឡេង មានស្រុកកំណើត នៅស្រុកកំពង់ថ្ម ខេត្តកំពង់ធំ មានបងប្អូន៤នាក់ (ស្រី២-ប្រុស២) ហើយលោកជាកូនពៅ ។ នៅឆ្នាំ១៩៦៧ លោកបានប្រឡងជាប់អនុវិទ្យាល័យមួយនៅស្រុកកំណើតរបស់ខ្លួន ហើយក៏ជាជំហានដំបូង ដែលលោកឈានជើងចូលប្រឡូក ក្នុងវិស័យកីឡាផងដែរ គឺកីឡាបាល់ទាត់ ។ ដោយមានសមត្ថភាព និងទេពកោសល្យល្អក្នុងវ័យ១៩ឆ្នាំយុវជន ឈួន ឡេង បានឈ្នះពានរង្វាន់បាល់ទាត់ ព្រះបិតាកីឡាជាតិនរោត្តម សីហនុ ២ឆ្នាំជាប់គ្នាក្នុងឆ្នាំ១៩៦៨-១៩៦៩ ។ ប៉ុន្ដែដល់ឆ្នាំ១៩៧០ អាជីពជាកីឡាករ នឹងស្ថាប័នកីឡាជាតិ គ្រប់លំដាប់ត្រូវ បានបញ្ចប់ដោយសាររដ្ឋប្រហារបស់លោកសេនាប្រមុខ លន់ នល់ ។

ក្រោយប្រទេសទទួលបានសុខសន្ដិភាពពេញលេញ បន្ទាប់ថ្ងៃរំដោះថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ ស្ថាប័នកីឡាជាតិមួយចំនួន ក៏ចាប់ផ្ដើមប្រមូលផ្ដុំ ឡើងវិញ ក្នុងនោះលោក ឈួន ឡេង ដែលមានអាយុជាង៣០ឆ្នាំទៅហើយ ក៏ទទួលបាន កៅអីសមាជិកក្នុងក្រុមបាល់ទាត់ ជម្រើសជាតិយុវជន កម្ពុជាផងដែរ ។ ជាមួយគ្នានោះ លោកបានចូលរួមប្រកួតពានរង្វាន់អន្ដរជាតិជាច្រើន រួមមានការប្រកួតបាល់ទាត់ពានរង្វាន់ ប្រចាំទ្វីបអាស៊ី ឆ្នាំ១៩៧២ នៅទីក្រុងបាងកក ប្រទេសថៃ ប៉ុន្ដែមិនទទួលបានលទ្ធផលល្អឡើយ ។

បន្ទាប់ពីភាពលេចធ្លោក្នុងវិស័យកីឡាបាល់ទាត់ នៅក្នុងជីវិតរបស់លោក ឈួន ឡេង ដែលមិនអាចបំភ្លេចបាននោះ នៅ ឆ្នាំ១៩៨៥ លោកក៏បញ្ចប់កិច្ចការជាកីឡាករជម្រើសជាតិ ប៉ុន្ដែលោកទទួលការបណ្តុះបណ្តាលជាគ្រូបង្វឹកនៅក្រៅប្រទេសរួមមានវៀតណាម និងប្រទេសប៊ុលហ្គារីជាដើម ។ ក្រោយបញ្ចប់ការសិក្សាវគ្គគ្រូបង្វឹកនោះ លោកចូលរួមរៀបចំ ក្រុមអាជ្ញាកណ្ដាល និងគ្រូបង្វឹកក្នុងប្រទេសកម្ពុជា ។

នៅឆ្នាំ១៩៨៩ លោក ឈួន ឡេង បានចូលបម្រើការជារដ្ឋលេខាធិការដ្ឋានអូឡាំពិកកម្ពុជា ប៉ុន្ដែមិនទាន់ទទួលបានការ ទទួលស្គាល់ពីស្ថាប័នកីឡាអូឡាំពិកអន្ដរជាតិនោះទេ លុះដល់ឆ្នាំ១៩៩៤ ទើបស្ថាប័នកីឡាអូឡាំអន្ដរជាតិ ទទួលស្គាល់ ជាផ្លូវការ ។ មិនត្រឹមតែប៉ុណ្ណោះ ដោយមានបទពិសោធន៍ច្រើនឆ្នាំលោក ឈួន ឡេង ត្រូវបានគេបោះឆ្នោតឲ្យធ្វើជាអគ្គ លេខាធិការសហព័ន្ធកីឡាសីប៉ាក់តាក្រ ៣អាណត្តិជាប់គ្នាទៀត គឺរហូតដល់បច្ចុប្បន្ននេះ ។ អ្វីដែលពិសេសបច្ចុប្បន្ន លោក ឈួន ឡេង គឺជាព្រឹទ្ធាចារ្យកីឡាមួយរូបដែល មន្ដ្រីជាតិគ្រប់ស្ថាប័នគោរព ហើយបានកាន់កាប់ការងារជា ប្រធាននាយកដ្ឋានរដ្ឋបាល នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាទៀតផង ។

សម្រាប់សមិទ្ធិផល ក្នុងតំណែងជាអគ្គលេខាធការសហព័ន្ធកីឡាសីប៉ាក់តាក្រ កាលពីឆ្នាំ២០១៣កន្លងទៅ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ដោយបានដឹកនាំអត្តពលិកខ្លួន ដណ្ដើមបាន មេដាយជូនជាតិចំនួន៨វិញ្ញាសា ស្មើនឹង៦៣គ្រឿងឯណោះ ដែលធ្វើឲ្យប្រទេសកាន់តែមានមុខមាត់នៅលើឆាក អន្ដរជាតិ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា មរណៈភាពលោក ឈួន ឡេង គឺជាការបាត់បង់សរសេរទ្រូងនៃកីឡាជាតិដ៏រឹងមាំម្នាក់ ដែលលោកតែងតែចូលរួមរៀបចំ គោលនយោបាយកីឡា ដើម្បីលើកស្ទួយវិស័យកីឡាជាតិនាពេលកន្លងមក ។ លោក ឈួន ឡេង ជាព្រឹទ្ធាចារ្យកីឡាមួយរូប ធ្លាប់លះបង់កម្លាំង កាយចិត្ត ដើម្បីជាតិតាំងពីក្មេង ដូច្នេះសមិទ្ធិផល ដែលលោកធ្វើបានកន្លងមក គឺជាគំរូដ៏ល្អ សម្រាប់យុវជនជំនាន់ ក្រោយធ្វើតាម ជាពិសេសគឺឆន្ទៈដើម្បីជាតិតែម្ដង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles