ភ្នំពេញ៖ មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៤ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC កាល ពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះឃើញថា សមិទ្ធផលដែលទទួលបានកាលពីឆ្នាំចាស់នោះ គឺមានលទ្ធផលធំៗជាច្រើន ដូច្នេះដើម្បីរក្សាឲ្យបាននូវសមិទ្ធផលទាំងនេះ ថ្នាក់ដឹកនាំអូឡាំពិកក៏បានចេញនូវទិសដៅសំខាន់ៗចំនួន៩ចំណុច ដើម្បីអនុវត្ដ ន៍ក្នុងឆ្នាំ២០១៥នេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ក្នុងមហាសន្និបាតខាងលើថា ទិសដៅទាំង៩ចំណុច ដែលត្រូវអនុវត្តន៍ផែនការ ការងារដឹកនាំវិស័យកីឡា ឲ្យមានភាពរីកចម្រើន ក្នុងឆ្នាំ ២០១៥នេះរួមមាន ទី១- ពង្រឹង សមត្ថភាពមន្ត្រីជំនាញ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្វែងរកអាហាររូបករណ៍ វគ្គបណ្ដុះបណ្ដាលខ្លី-វែង នៅក្រៅប្រទេសបន្ថែមទៀត។ ទី២-ពង្រឹងអភិបាលកិច្ចល្អនិងស្វ័យភាពចលនាអូឡាំពិក ជាមួយសហព័ន្ធកីឡាជាតិ និងរដ្ឋអំណាចកីឡា ។ ទី៣-ពង្រឹងសមត្ថភាពគុណភាពគ្រប់គ្រងដឹកនាំរបស់សហព័ន្ធកីឡាជាតិនិងទី៤-ពង្រឹង សកម្មភាព គណៈកម្មការជំនាយអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
រីឯចំណុចទី៥-គឺធ្វើនីយ័តកម្មការងារក្នុងរង្វង់មហាគ្រួសារកីឡាជាតិ ។ ទី៦-បន្តធ្វើពិពិតកម្មកីឡា និងព្រឹត្តិការណ៍ កីឡាឱ្យកាន់តែមានការទាក់ទាញ និងមានប្រសិទ្ធភាពជំនាញ ។ ទី៧-បន្តគ្រប់គ្រងដឹកនាំសក្ដានុពលភាពកញ្ញា ស៊នសៀវម៉ី ឆ្ពោះទៅរកឧត្តមភាពការប្រកួតអន្តរជាតិបន្តទៀត ពិសេសគោលដៅកីឡាអូឡាំពិកឆ្នាំ២០១៦ នៅទី ក្រុងRio ប្រទេសប្រេស៊ីល ។ ទី៨-រៀបចំបញ្ចប់សេចក្តី ព្រាងផែនការមេ SEA Games ឆ្នាំ២០២៣ និងបញ្ចប់ សេចក្តីព្រាងផែន ការកីឡាឆ្នាំ២០១៥ និងទី៩-គឺរៀបចំផែនការមេរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុង ការរៀបចំការប្រកួតពហុកីឡជាតិ National Games លើកទី១ ឆ្នាំ២០១៦ ។
លោកបានបន្ដថា នេះគឺជាផែនការសំខាន់ ដែលជាទិសដៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវអនុវត្តន៍ និង ដឹកនាំវិស័យកីឡាកម្ពុជាឲ្យមានភាពរីកចម្រើនកាន់តែខ្លាំងក្នុងឆ្នាំ២០១៥ ប៉ុន្ដែនៅមានផែនការជាច្រើនទៀត ដែលនឹង អនុវត្តន៍ជាក់ស្ដែង ដូចជាការបង្កើតព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗជាដើម ៕