Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

លោក ថោង ខុន កោតសរសើរ កីឡាប៉េតង់ និងថាឆ្នាំ២០១៤ ជាឆ្នាំមាស

$
0
0

ភ្នំពេញ៖ មហាសន្និបាត បូកសរុបការប្រកួត ប្រចាំឆ្នាំ២០១៤ និងលើកទិសដៅ ឆ្នាំ២០១៥ របស់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានមន្ដ្រី ថ្នាក់ដឹកនាំកីឡាជាតិ ជាច្រើនចូលរួម ក្នុងនោះមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមន្ដ្រីពាក់ព័ន្ធផ្សេងទៀត ។

ថ្លែងក្នុងមហាសន្និបាតប្រចាំឆ្នាំនេះ លោក ថោង ខុន បានធ្វើការកោតសរសើរ ចំពោះក្រុមកីឡាបេតង៉ ដែលដណ្ដើមបានមេដាយ ថ្នាក់ជើងឯកពិភពលោក និងជើងឯកអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ ២០១៣-២០១៤ ដែលនេះ គឺជាសមិទ្ធិដ៏ល្អប្រសើរ ហើយក៏សរបញ្ជាក់ឲ្យ ឃើញផងដែរថា វិស័យកីឡាកម្ពុជា កំពុងបោះជំហ៊ានយ៉ាងលឿន ដែលឈានទៅប្រកួតប្រជែង នៅលើឆាកអន្ដរជាតិ ។

ក្នុងឱកាសនោះលោករដ្ឋមន្ដ្រី ក៏បានចាត់ទុកឆ្នាំ ២០១៤កន្លងទៅ គឺជាឆ្នាំមាសផងដែរ ដោយសារការ បង្កើតកំណត់ត្រា ប្រវត្តិសាស្ដ្រធំៗចំនួន ២ គឺការដណ្ដើមបានមេដាយមាស កីឡាអាស៊ីលើកដំបូង (Asian Games) នៅប្រទេសកូរ៉េ ខាងត្បូង ក្នុងរយៈពេល ៦០ឆ្នាំរបស់កម្ពុជា ដែលរកបានដោយ កីឡារិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងដណ្ដើម បានមេដាយសំរិទ្ធិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី តំបន់ឆ្នេរនៅប្រទេសថៃ ដែលដណ្ដើមបានដោយ កីឡាការិនីចំបាប់ នី សំណាង ។

លោកបណ្ឌិត ថោង ខុន បានប្រសាសន៍ទៀតថា ក្រោមកិច្ចសហការគ្នាយ៉ាងជិតស្និត ជាមួយថ្នាក់ដឹកនាំ សហព័ន្ធកីឡាជាតិ ក្រសួងអប់រំ និងដៃគូឧបត្ថម្ភ ជាពិសេសគឺការយកចិត្តទុក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សមិទ្ធផលជាប្រវត្តិសាស្ដ្រ ដ៏ត្រចេះត្រចង់នោះ បានក្លាយជាកត្តាលិករ ជានិមិត្តរូប និងជាគំរូវីរភាពមួយ ក្នុងការជំរុញលើកទឹកចិត្ត ដល់អត្តពលិកដទៃទៀត ឲ្យបង្កើតការខិតខំហ្វឹកហាត់ ដើម្បីឈានទៅដណ្ដើម យកមេដាយលើឆាកអន្ដរជាតិ ជាបន្ដបន្ទាប់មកជូនជាតិ មាតុភូមិកម្ពុជាយើង ។

ក្នុងមហាសន្និបាតនេះដែរ លោក ថោង ខុន ក៏បានធ្វើការប្ដេជ្ញាផងដែរថា សម្រាប់ឆ្នាំ២០១៥នេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នឹងខិតខំរៀបចំ សកម្មភាពកីឡាឲ្យ បានកាន់តែច្រើន ដើម្បីផ្ដល់ឱកាសឲ្យ យុវជនខ្មែរបានចូលរួម និងបញ្ជូនអត្តពលិក ទៅហ្វឹកហាត់ នៅក្រៅប្រទេស ដកស្រង់បទពិសោធន៍ យកមកជួយជាតិវិញ ។ អ្វីដែលសំខាន់ គឺការពង្រឹងសមត្ថភាព ក្រុមអត្តពលិកជម្រើសជាតិ ដើម្បីត្រៀមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ជាពិសេសគឺការប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី ឆ្នាំ២០១៥នេះតែម្ដង ។

លោកបានលើកឡើងទៀតថា បច្ចុប្បន្ន ព្រឹត្តិការណ៍ប្រកួតកីឡាធំៗ បានក្លាយទៅជាផលិតផល ទេសចរណ៍ដ៏អស្ចារ្យ និងជាការបង្ហាញនូវឥទ្ធិពល នៃប្រទេស ដែលជាម្ចាស់ផ្ទះ ដែលត្រូវបានចាត់ទុក ជាវេទិការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជំរុញឲ្យ មានការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងសង្គម និងការរួមចំណែក រៀបចំផែនការជាតិ លើកកម្ពស់ស្មារតីសាមគ្គីភាព ឧត្តមភាពជាតិ តាមរយៈឥទ្ធិពលនៃកីឡា (Power of Sport) ។

ជាចុងក្រោយប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រូបនេះ មានសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ កម្ពុជានឹងមានធនធាន គ្រប់គ្រាន់ ដើម្បីដើរនាទីជាម្ចាស់ផ្ទះ និងដណ្ដើមយកមេដាយ ឲ្យសមខ្លួនជាម្ចាស់ផ្ទះ ផងដែរ ។ ប៉ុន្ដែការងារនេះ សហព័ន្ធកីឡាជាតិនានា ត្រូវសហការគ្នាឲ្យបានល្អ ព្រោះជាកាតព្វកិច្ច ដើម្បីជាតិទាំងអស់គ្នា ៕


Viewing all articles
Browse latest Browse all 4895

Trending Articles