ភ្នំពេញ៖ យោងតាមសម្ដីមន្ដ្រីសហព័ន្ធកីឡាហែលទឹកកម្ពុជា បានឲ្យដឹងថា "មជ្ឈមណ្ឌលអាងហែលទឹកតេជោសែន" ខេត្តកំពង់ចាម គ្រោងនឹងបញ្ចប់ ការសាងសង់នៅក្នុងខែមេសា ឆ្នាំ២០១៥ខាងមុខនេះហើយ ទន្ទឹមជាមួយគ្នានោះថ្នាក់ដឹកនាំសហព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីអបអរសាទរថ្ងៃសម្ពោធអាងហែលទឹកខ្នាតអន្ដរជាតិខាងលើ គឺការប្រកួតកីឡាហែលទឹកពាន រង្វាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ហែម គិរី អគ្គលេខាធិការថ្មី នៃសហព័ន្ធកីឡាហែលទឹកកម្ពុជា ដែលឡើងជំនួសកៅអីឪពុករបស់ខ្លួនលោក ហែម ថុន បានបញ្ជាក់ប្រាប់គេហទំព័រ LookingTODAY កាលពីល្ងាចថ្ងៃទី២៤ កុម្ភៈម្សិលមិញថា វិស្វករទទួលបន្ទុកកសាង "មជ្ឈមណ្ឌលអាងទឹកតេជោសែន" បានធ្វើការអះអាងថា អាងហែលទឹកខ្នាតអន្ដរជាតិនេះ នឹងកសាងរួចរាល់នៅមុនបុណ្យចូលឆ្នាំខ្មែរ ពោលគឺនៅដើមខែមេសាខាងមុខនេះ ។
លោកបានបន្ដថា ដើម្បីញ៉ាំងឲ្យពិធីសម្ពោធ "មជ្ឈមណ្ឌលអាងទឹកតេជោសែន" មានភាពអធិកអធមនោះលោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា ក៏សុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាហែល ទឹកដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកដំបូងក្នុងពេលជាមួយគ្នានោះតែម្ដង ។
អគ្គលេខាធិការថ្មីខាងលើបានបន្ថែមទៀតថា អាងហែលទឹកដ៏ស្រស់ស្អាតស្ថិតក្នុងទឹកដីខេត្តកំពង់ចាមនេះ បានប្រើពេលកសាងរយៈ ពេល១ឆ្នាំ ហើយមកដល់ពេលនេះ គឺសម្រេចបានលទ្ធផល ៩០%ហើយ ដោយចំណាយទឹកប្រាក់អស់ជាង ១លានដុល្លារឯណោះ ។ អាងនេះមាន៣ផ្នែកធំៗ គឺអាងធំសម្រាប់ប្រកួតមានបណ្ដោយ៥០ម៉ែត្រ គុណនឹង២៥ម៉ែត្រ និងមាន១០បន្ទាត់, ទី២ គឺអាងលោត ២៥ម៉ែត្រ គុណនឹង២៥ម៉ែត្រ និងទី៣ គឺអាងសម្រាប់កម្ដៅសាច់ដុំ ដែលមានបណ្ដោយ១៥ម៉ែត្រ គុណនឹង៨ម៉ែត្រ មាន៣ខ្សែ ហើយក៏មានបន្ទប់រដ្ឋបាលការងារ កៅអីអង្គុយទស្សនា សម្រាប់ភ្ញៀវ និងគណៈប្រតិភូផងដែរ ។
លោកបានបញ្ជាក់ថា គោលបំណងនៃការកសាង "មជ្ឈមណ្ឌលអាងទឹកតេជោសែន" នេះគឺចង់អភិវឌ្ឍន៍ កីឡាហែលទឹកក្នុងខេត្តកំពង់ចាម និងបណ្ដុះបណ្ដាលវិស័យកីឡា ហែលទឹកឲ្យកាន់តែមានភាពរីកចម្រើន ដើម្បីស្វែងរកអ្នកមាន សមត្ថភាពទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ជាពិសេសគឺត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ៕