ក្រុងមែនឆេស្ទើ៖ ក្រុមភ្ញៀវ FC Barcelona របស់ អេស្ប៉ាញ និងសេះបង្កង់ Juventus របស់អ៊ីតាលី សុទ្ធតែទទួលបាន ជ័យជំនះទាំងប្រផិតប្រផើយ រៀងៗខ្លួន យប់មិញនេះ ទៅលើគូប្រជែង Manchester City និង Borussia Dortmund ២-១ ដូចគ្នាសម្រាប់ជើងទី១ នៃវគ្គ១៦ចុងក្រោយក្នុង UEFA Champions League ។
២គ្រាប់របស់ Barcelona សុទ្ធតែកើតឡើង នៅក្នុងតង់ទី១ទាំងអស់ពីការ ធ្វើបានសម្រេចដោយ សមាជិកថ្មី Luis Suarez នៅនាទី១៦ និង៣០ មុនពេលខ្សែប្រយុទ្ធ Sergio Aguero ជួយស៊ុត១គ្រាប់ ឲ្យក្រុមជើងឯកអង់គ្លេស Man City នៅនាទី៦៩ដែលជាគ្រាប់ ធ្វើឲ្យការប្រកួត ទាំងស្រុងរឹតតែក្តៅខ្លាំងឡើង នៅកីឡដ្ឋាន Etihad ដោយបានឈានដល់ពិន័យកាតក្រហម Gael Clichy នៅនាទី៧៤ និង Lionel Messi ប៉េណាល់ទីអត់ចូលថែមទៀតនៅនាទី៩០ ។
ជាមួយគ្នានោះដែរខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន Carlos Tevez បានស៊ុតគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ Juventus នៅនាទី១៣ មុនពេលដែល ខ្សែបម្រើប្រយុទ្ធ ជនជាតិអាល្លឺម៉ង់ Marcos Reus ជួយឲ្យ Dortmund តាមបានស្មើវិញនៅ៥នាទីបន្ទាប់ តែត្រូវបាន Alvaro Morata ធ្វើបានសម្រេចគ្រាប់ទី២ ឲ្យសេះបង្កង់វិញទៀតនៅ ខ្វះ២នាទីនឹងដល់ពេលបញ្ចប់ក្នុងវគ្គទី១ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង Juventus ២ និង Borussia Dortmund ១ ។
សូមបញ្ជាក់ថា សម្រាប់ជើងទី២នឹងធ្វើឡើងជាបន្តទៀតនៅថ្ងៃទី១១ ១២ ១៨ និង ១៩ ខែមីនា ឆ្នាំ២០១៥ខាងមុខ ក្រោយពេលបញ្ចប់ជើងទី១យប់នេះ ដោយម្ចាស់ផ្ទះ Arsenal ត្រូវប៉ះក្រុម AS Monaco របស់បារាំង ស្របពេល Beyer Leverkusen របស់អាល្លឺម៉ង់ស្វាគមន៍ក្រុម ភ្ញៀវរងជើងឯកឆ្នាំទៅ Atletico Madrid នាម៉ោង ២:៤៥នាទីរំលងអធ្រាត្រដូចគ្នាយប់នេះ (ម៉ោងនៅកម្ពុជា) ៕