ភ្នំពេញ៖ លទ្ធផលនៃ ការចាប់ឆ្នោត ជ្រើសរើសពូល ដើម្បីត្រៀម ប្រកួតពានរង្វាន់ Hun Sen-Cup លើកទី៩ ឆ្នាំ២០១៥ បានចេញ ហើយនៅ ព្រឹកថ្ងៃទី១៤ ខែមករានេះ ដោយចែក ចេញជា៤ពូល និងក្នុងពូល នីមួយៗមាន ៤ក្រុម ប៉ុន្ដែក្នុងនោះ មាន១ពូល ដែលអាច ទាក់ទាញ ចំណាប់អារម្មណ៍ ពីទស្សនិកជន គឺពូល C ដោយមានក្រុមជើងខ្លាំងក្នុង League រហូត ដល់ទៅ៣ ក្រុមឯណោះ ដែលត្រូវជួបគ្នា ។
ចំពោះលទ្ធផលនៃការចាប់ឆ្នោត ដែលបានធ្វើឡើងក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះមានដូចជា ពូល A មាន ៤ក្រុមគឺ អគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រុម ប៉ូលិស (ជើងឯកឆ្នាំចាស់), ខេត្តក្រចេះ, Albirex Niigata PP និងក្រុម ខេត្តត្បូងឃ្មុំ ខណៈពូល B មាន៤ក្រុមដូចគ្នាគឺ បៀលប្រាយ (ជើងឯករងឆ្នាំចាស់), ក្រុមត្រាយ អាស៊ី ភ្នំពេញ, ក្រុមគិរីវង់ សុខសែនជ័យ និងក្រុមខេត្តកំពត ។
ដោយឡែកសម្រាប់ពូល C គឺជាពូលមានក្រុមខ្លាំងៗដែលលេងក្នុង League ចំនួន៣ក្រុមត្រៀម ធ្វើការប្រកួតប្រជែងឲ្យ ទស្សនិកជនជក់ ចិត្តនោះមានដូចជា ក្រុមចម្ការ កៅស៊ូបឹងកេត, ភ្នំពេញក្រោន, ក្រសួងការពារជាតិ (ទ័ព) និងក្រុមខេត្ត បាត់ដំបង ។ ចំណែកពូល D ចុងក្រោយវិញក៏មិនអន់ដែរ ព្រោះក៏មានក្រុមខ្លាំងក្នុង League ចំនួន ២ក្រុមត្រូវចូលរួមផងដែរ ក្នុងនោះមានក្រុមណាហ្គាខប និងស្វាយរៀង ឯក្រុមទើបដណ្ដើម បានកៅអីពីតាមតំបន់វិញ គឺមានក្រុមខេត្ដ សៀមរាប និងក្រុមខេត្តព្រៃវែង ៕