ភ្នំពេញ៖ ការបាត់បង់លោក ហែម ថុន នាពេលនេះ គឺបាត់ព្រឹទ្ធចារ្យកីឡាមួយរូបដែលធ្លាប់មាន ស្នាដៃនៅក្នុងវិស័យ កីឡា ជាពិសេសលោក ក៏ធ្លាប់ដណ្ដើម បានមេដៃពីព្រឹត្ដិការណ៍ ហ្គាណាហ្វូ ផ្នែកកីឡាហែលទឹក ក្នុងឆ្នាំ១៩៦១ ទទួលបានមេដៃមាស ។ នេះជាការបញ្ជាក់ឲ្យដឹងពីលោក ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) ។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះបានថ្លែង ទាំងអារម្មណ៍ក្តុកក្តួលថាទៀតថា គ្រប់ប្រភេទកីឡាទាំងអស់លោកហែម ថុន តែងតែបាន ជួយដល់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការប្រកួតក្នុងស្រុក និងក្រៅស្រុកជាដើម ។ ក៏ដូចជាបានជួយដល់ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងស្វែងរកគំនិតល្អៗ ដើម្បីជួយដល់វិស័យកីឡានៅកម្ពុជាដែរ ។
ជាមួយគ្នានោះដែរ ដើម្បីតបស្នងដល់លោក ហែម ថុន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងខិតខំប្រឹងប្រែងរៀបចំ ពិធីបុណ្យសពឲ្យ ស័ក្ដិសមនឹងគុណបំណាច់ ដែលលោក ហែម ថុន បានជួយជ្រោមជ្រែងដល់ NOCC ។ ម្យ៉ាងវិញទៀតដោយសារតែលោកគ្រូ ហែម ថុន ជាចាស់ទុំម្នាក់ក្នុងវិស័យកីឡា ហើយលោកបានលះបង់ កម្លាំងកាយចិត្ដស្ទើរពេញ មួយជីវិត ព្រមទាំងបានបន្សល់ទុក ស្នាដៃដល់កូនខ្មែរ ជំនាន់ក្រោយជាច្រើន ហើយនៅជីវិតចុងក្រោយរបស់លោកបាននិពន្ធសៀវភៅមួយក្បាលពាក់ព័ន្ធវិស័យកីឡា នៅកម្ពុជាដែលមិនទាន់ បានបញ្ចប់នៅឡើយទេ រួមជាមួយគ្នានេះដែរ លោកក៏មានគំនិតផ្ដួចផ្ដើមកសាងមជ្ឈមណ្ឌល អាងហែលទឹកតេជោសែននៅឯខេត្ដកំពង់ចាម ដោយគ្រោងបញ្ចប់ការ សាងសង់នៅក្នុងខែមេសា ឆ្នាំ២០១៥ដ៏ខ្លីខាងមុខនេះ ។
គួរបញ្ជាក់ថា លោក ថែម ថុន បានទទួលអនិច្ចកម្មពីលោកនេះទៅកាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ ។ ក្នុងថ្ងៃម្សិលមិញលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហ ព័ន្ធកីឡាហែលទឹកខ្មែរ និងលោកនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដឹកនាំ មន្ដ្រីសហព័ន្ធដោយមានកីឡាករ-កីឡាការិនី គ្រូបង្វឹកជាច្រើននាក់ចូលរួមពិធី គោរពវិញ្ញាណក្ខន្ធ សពលោក ហែម ថុន នៅក្នុងភូមិត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញផងដែរ ៕