ក្រុងឡុងដ៍៖ កីឡាករខ្សែបម្រើប្រយុទ្ធ Oscar និងមិត្តរួម ក្រុមខ្សែប្រយុទ្ធ Diego Costa បានស៊ុតបញ្ចូលម្នាក់១គ្រាប់ ដើម្បីជួយឲ្យក្រុមតោខៀវ Chelsea កាន់កាប់តំណែងកំពូលតារាង Premier League កាន់តែរឹងមាំថែមទៀតយប់មិញ ចាប់ពីដើមជើងទី២តទៅ ។
ការទទួលបាន៣ពិន្ទុពេញនៅកីឡដ្ឋាន Stamford Bridge ដោយបានបំបាក់ ក៏ដូចជាសងសឹកក្រុមភ្ញៀវសារិកាព្រៃ Newcastle United ដោយលទ្ធផល ២-០ ធ្វើឲ្យក្រុមតោខៀវរកបាន៤៩ពិន្ទុ ស្របពេលដែលក្រុមការពារតំណែង ជើងឯក Man City រកបានតែ១ពិន្ទុពេលប្រកួតបានស្មើ ១-១ ទល់នឹងក្រុមម្ចាស់ផ្ទះ Everton មាន៤៧ពិន្ទុតាមពីក្រោយយ៉ាងប្រកៀកចាប់ពីពាក់កណ្តាលជើងទី១នារដូវកាលឆ្នាំ២០១៤-២០១៥នេះ ។
ក្នុងជំនួបសងសឹកដ៏ស្វិតស្វាញនេះដែរ កីឡាករជនជាតិប្រេស៊ីល Oscar បានស៊ុតគ្រាប់នាំមុខនៅសល់២នាទី នឹងដល់បញ្ចប់វគ្គទី១ ដែលជាគ្រាប់ទី៤របស់គេពីការចូលលេងបាន១៧ប្រកួតនារដូវកាលថ្មីនេះ មុនពេលអតីត ខ្សែប្រយុទ្ធមកពីក្លឹប Atletico Madrid, Diego Costa បន្ថែមគ្រាប់ទី២ នៅនាទី៥៩ដែលជាគ្រាប់បាល់កក់ក្តៅ បំផុតនៅក្នុងទឹកដី និងទទួលបាន៣ពិន្ទុយ៉ាងប្រាកដប្រចាំសប្តាហ៍ទី២១នេះ ។
ជាមួយគ្នានេះដែរ ២ប្រកួតបន្ទាប់ដើម្បីបញ្ចប់សប្តាហ៍ទី២១នៅ Premier League នារាត្រីនេះម្ចាស់ផ្ទះ Arsenal ត្រូវ ជួបជាមួយ Stoke City ម៉ោង ២០ និង ៣០នាទីមុនពេលម្ចាស់ផ្ទះ Manchester United ស្វាគមន៍ក្រុមភ្ញៀវ Southampton នាម៉ោង ២៣ និង ០០នាទី (ម៉ោងនៅកម្ពុជា) ៕
លទ្ធផល និងតារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី២១