ភ្នំពេញ៖ មកដល់ពេលនេះ ក្រុមបាល់ទាត់ មិនមែនអាជីព ជើងខ្លាំង ទាំង៨ក្រុម ដែលជម្រុះចេញ ពីមណ្ឌលចំនួន៤ ទូទាំងប្រទេស ដើម្បីឡើងមកប្រកួត វគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Sponsor Futsal-Cup លើកទី៣ នៅរាជធានីភ្នំពេញ បានរកឃើញអស់ហើយ ខណៈ២ក្រុម កូនពៅ ដែលដណ្ដើមបានកៅអី វគ្គផ្ដាច់ព្រ័ត្រ ក្រោយគេ ទើបរកឃើញនៅ មណ្ឌលខេត្ត ព្រះសីហនុ កាលពីចុងសប្ដាហ៍មុននេះ ។
ក្រោយដំណើរការប្រកួតអស់ រយៈពេលប្រមាណ១ខែកន្លងទៅ គេបានរកឃើញក្រុមខ្លាំង ចំនួន៨ ដែលជម្រុះចេញ ពីក្រុមចូលរួមសរុបទូទាំង ប្រទេសចំនួន ១២៨ក្រុម (ក្នុងមួយមណ្ឌល៣២ក្រុម) ។ លោក សឹម សានត្រាន ប្រធានគ្រប់ គ្រងកម្មវិធីក្រុមហ៊ុន ហេរ៉ូ ឃីង និងជាតំណាង ក្រុមហ៊ុនភេសជ្ជៈ Sponsor បានថ្លែងឲ្យដឹងថា សម្រាប់មណ្ឌលខេត្ត ព្រះសីហនុ ក៏មិនខុសពីមណ្ឌល ផ្សេងទៀតដែរ ពោលគឺមាន ៣២ក្រុម ចូលរួមប្រកួតជម្រុះ ដូចគ្នា ដែលការប្រកួតធ្វើឡើង ចំនួន២ថ្ងៃចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ។
លោកបន្ដថា ជាលទ្ធផលក្នុងការ ប្រកួតរយៈពេល២ថ្ងៃនោះ ក្រុមកងរាជអាវុធហត្ថ ខេត្តកំពត និងក្រុម KPS 855 បានឆ្លងផុតវគ្គជម្រុះ ហើយបានជួបប្រកួត ជាមួយគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមចំណាត់ ថ្នាក់លេខ១ ក្នុងមណ្ឌលមុននឹង ឡើងមកប្រកួត វគ្គផ្ដាច់ព្រ័ត្រ នៅភ្នំពេញ ។ ប៉ុន្ដែជាលទ្ធផលក្រុម KPS 855 បានប្រកួតឈ្នះ ក្រុមកងរាជអាវុធហត្ថខេត្ត កំពតដោយ លទ្ធផលបច្ចេកទេស ៧-៥ (គ្រាប់បាល់ ប៉េណាល់ទី) ។
គួរបញ្ជាក់ថា ៨ក្រុមដែលត្រូវឡើង មកប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៤ចុងសប្ដាហ៍នេះ មានដូចជា មណ្ឌលភ្នំពេញមានក្រុម Victory FC និងក្រុម Daniel A, ខណៈមណ្ឌលសៀម រាបមានក្រុម AFB 88 និងក្រុមអវតារ FC, មណ្ឌលខេត្តបាត់ដំបង មានក្រុមសម្ព័ន្ធ គណៈកម្មាធិការ សម្របសម្រួលនិស្សិត បញ្ញវ័ន្តកម្ពុជា និងក្រុម HANDS និងមណ្ឌល ខេត្តព្រះសីហនុ មានក្រុម KPS 855 និងក្រុមកងរាជអាវុធហត្ថ ខេត្តកំពតខាងលើ ៕