ភ្នំពេញ៖ ក្រុមកីឡាប៉េតង់ ជម្រើសជាតិកម្ពុជាដណ្ដើម មេដាយកីឡាអាស៊ី បានរហូតដល់ទៅ ៦គ្រឿងឯនោះ ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯក ប្រចាំទ្វីបអាស៊ី លើកទី១៨(18th Asian Petanque Championship) នៅប្រទេសឡាវ ក្នុងនោះមាន មេដាយមាស ៥គ្រឿង និងមេដាយប្រាក់ ១គ្រឿង ។
ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីនេះ បានប្រព្រឹត្តទៅ រយៈពេល ៣ថ្ងៃនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ដោយមាន ១៥ប្រទេសចូលរួម ប៉ុន្ដែកម្ពុជា បានបញ្ជូនអត្តពលិក របស់ខ្លួនត្រឹមតែ ១២នាក់ប៉ុណ្ណោះ ទៅចូលរួមប្រកួត ។
ជាលទ្ធផលក្រុម កីឡាករ-កីឡាការិនី កម្ពុជា ធ្វើបានលទ្ធផល យ៉ាងល្អបំផុត ដែលដណ្ដើមបានមេដាយចំនួន ៦គ្រឿងត្រឡប់មក ស្រុកកំណើតខ្លួនវិញ ។ តាមការបញ្ជាក់ពីកីឡាករ ឌី សុបញ្ញា ដែលមានវត្តមាន ប្រកួតនៅប្រទេសឡាវនោះ បានឲ្យដឹងថា កម្ពុជាឈ្នះ មេដាយមាស ៥គ្រឿងលើវិញ្ញាសារ ប្រកួតយកពិន្ទុ (Shooting) ផ្នែកនារី, ប្រកួតជាក្រុម (Triples) ផ្នែកនារី, ប្រកួតជាក្រុមផ្នែក បុរសពាន Nation Cup ប្រកួតយកពិន្ទុឈុតយុវជន និងប្រកួតជា ក្រុមឈុតយុវជន ឯមេដាយប្រាក់ ១គ្រឿងគឺដណ្ដើម បានលើវិញ្ញាសារ ប្រកួតយកពិន្ទុ ផ្នែកបុរស ។
គួរបញ្ជាក់ថា អត្តពលិកទាំង ១៥នាក់ ដែលកម្ពុជាបញ្ជូន ទៅចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ ប្រចាំតំបន់អាស៊ី ខាងលើមានកីឡាការិនី ៤នាក់ គឺកីឡាការិនី កែ ឡេង, អ៊ុំ ចន្ទ្រា, អ៊ុន ស្រីយ៉ា និងកីឡាករិនី អ៊ុក ស្រីមុំ ។ ឯកីឡាករមាន ៤នាក់ដូចគ្នា គឺកីឡាករ ឌី សុខបញ្ញា, សៀង វុណ្ណា, តឹ មនរ៉ា និងកីឡាករ សុខ ចាន់មៀន ។ ចំណែកកីឡា យុវជនមាន ៤នាក់ដែរ គឺកីឡាករ មួង ទិត្យម៉ាណែត, សែម ម៉េងឡាយ, ជា ហេងឡេង និងកីឡាករ ខុំ វាសនា ៕