នេះជាលើកទីមួយនៅ ក្នុងប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុន Amazon ដែលមិនធ្លាប់បានកើតឡើង ដោយសារតែ ភាគហ៊ុនបានឡើង ខ្ពស់កប់ពពក។ កាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន លក់ទំនិញអនឡាញ Amazon បានកើនឡើងដល់ ៣០៧ដុល្លារអាមេរិក ក្នុងមួយហ៊ុន ដែលនេះត្រូវបានគេកត់ ទុកនៅក្នុងប្រវត្តិសាស្ត្រ ព្រោះថាចាប់តាំងពីលោក Jeff Bezos ស្ថាបនិក Amazon ចាប់ផ្ដើមបង្កើត IPO កាលពីឆ្នាំ ១៩៩៧មកគឺ មិនធ្លាប់កើនឡើង ដល់កម្រិតនេះនោះទេ។
តម្លៃភាគហ៊ុនដែល បានកើនឡើងនេះ បានធ្វើឲ្យភាគហ៊ុន សរុបរបស់ក្រុមហ៊ុន Amazon មានចំនួន ១៤០ពាន់លានដុល្លារអាមេរិក ប៉ុន្តែទោះជាយ៉ាងនេះ ក្ដីក៏នៅចាញ់ក្រុមហ៊ុន Google និង Apple ដែរ។
យោងតាមសារព័ត៌មាន All Things Digital បានឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ Google សរុបមានតម្លៃ ៣០៦ពាន់ លានដុល្លារអាមេរិក ចំណែកឯ Apple វិញមានតម្លៃ ៤០០ពាន់លាន ដុល្លារអាមេរិក ប៉ុន្តែ Amazon អាចយកឈ្នះ Facebook ព្រោះថា Facebook មានតម្លៃត្រឹមតែ ៦៣ពាន់លានដុល្លារ អាមេរិកប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កាលពីត្រីមាសទី១ ក្រុមហ៊ុន Amazon មានប្រាក់ចំណូលដែល បានមកពីការលក់ សុទ្ធចំនួន ១៦.០៧ពាន់លាន ដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុន កើនឡើង ២២ភាគរយ ពោលគឺកើនឡើងពី ១៣.១៨ពាន់លានដុល្លារអាមេរិក ចំណែកប្រាក់ចំណេញ សុទ្ធវិញមានចំនួន ៨២លានដុល្លារអាមេរិក៕