ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង ១១: ៣០នាទីយប់ថ្ងៃទី០៥ ខែតុលាស្អែកនេះ សម្ដេចនឹងអនុញ្ញាតឲ្យប្រតិភូ និងអត្ដលិកកម្ពុជាទាំងអស់ ដែលវិលត្រឡប់មកពីចូលរួមប្រកួតកីឡាអាស៊ី Asian Games លើកទី១៧ នៅទីក្រុង Incheon សាធារណរដ្ឋ ចូលជួបសម្ដែងការគួរសមនៅវិមានសន្ដិភាព ។
គួរបញ្ជាក់ថា ក្រុមអត្តពលិក និងប្រតិភូដឹកនាំកីឡាកម្ពុជា ទៅចូលរួមប្រកួតកីឡាជើងឯកអាស៊ីខាងលើ នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នាវេលាម៉ោង ១០:០០នាទីយប់ ថ្ងៃទី០៥ តុលានេះ តាមជើងហោះហើរភ្នំពេញអន្ដរជាតិពោចិនតុង ។
ប៉ុន្ដែដើម្បីជាការលើកទឹកចិត្ដ និងផ្ដល់ភាពកក់ក្ដៅ ចំពោះការខិតខំប្រែងប្រកួតរបស់អត្តពលិកម្ពុជា ជាពិសេសគឺការដណ្ដើមបានមេដាយមាស ១គ្រឿងដោយកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នោះ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអត្តពលិក និងប្រតិភូកីឡាកម្ពុជា ចូលជួបសម្ដែងការគួរសមភ្លាមៗតែម្ដង បន្ទាប់ពីក្រុមអត្តពលិកទាំងអស់ ចុះពីលើយន្ដហោះភ្នំពេញអន្ដរជាតិនោះ ។
សូមរំឮកថា បន្ទាប់ពីកីឡាការិនី ស៊ន សៀវមី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីភ្លាម ក្រៅពីការផ្ញើសាអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែររាប់លាននាក់នោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើរសាអបអរសាទរផងដែរ ព្រោះនេះគឺជាមេដាយមាស ប្រវត្តិសាស្ដ្ររបស់កម្ពុជា សម្រាប់ការចូលរួមចាប់តាំងពីឆ្នាំ១៩៥៤ រហូតមកដល់បច្ចុប្បន្ននេះ ៕