ភ្នំពេញ៖ ម្ចាស់តារាងបាល់ទាត់ មីងហួរលោក ឈួរ ឈុនហួរ នៅថ្ងៃទី០២ ខែតុលានេះ បានថ្លែងប្រាប់អ្នកសាព័ត៌មានថា ក្លឹបលោកត្រៀមនឹងបើក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ហ្វូតសាលពានរង្វាន់ Ming Hour Futsal-Cup លើកទី១ នៅខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ នៅលើទីលានផ្ទាល់ខ្លួន តែម្ដង ។
លោក ឈួរ ឈុនហួរ បានថ្លែងថា នេះគឺជាលើកដំបូងហើយ ដែលលោករៀបចំ ព្រឹត្តិការណ៍នេះឡើង ដោយគ្រោងកំណត់យក ៣២ក្រុមប៉ុណ្ណោះ ឲ្យធ្វើការប្រកួតប្រជែង ។ លោកបន្ដថា ការទទួលពាក្យ នឹងចាប់ផ្ដើមពីថ្ងៃទី០១ តុលា រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ប៉ុន្ដែពាក្យសុំចូលរួម មួយច្បាប់លក់ក្នុងតម្លៃ ៥ដុល្លារ ហើយដល់ពេលដាក់ពាក្យក្រុម ដែលមានបំណងចង់ចូលរួម ត្រូវតំកល់លុយចំនួន ១០០ដុល្លារ (ចប់ដកលុយវិញបាន) និងត្រូវបង់ថ្លៃសេវា ប្រកួតចំនួន ៧០ដុល្លារផងដែរ ។
ចំពោះកាលបរិច្ឆេទកាល ប្រកួតផ្លូវការលោកបានបញ្ជាក់ថា គឺត្រូវចាប់ផ្ដើមពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះតទៅ ប៉ុន្ដែសម្រាប់កម្មវិធី ប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅមិនទាន់ដឹងនៅឡើយទេ វាអាស្រ័យទៅលើពេលវេលា និងការកំណត់កាលវិភាគ ប្រកួតជាក់ស្ដែង ។ ក្នុងព្រឹត្តិការណ៍លើកទី១នេះ ដែរលោក ឈួរ ឈុនហួរ ក៏បានរៀបចំប្រាក់រង្វាន់ សម្រាប់ក្រុមដណ្ដើមបាន ជ័យលាភីផងដែរ ក្នុងលេខ១ ទទួលបានប្រាក់រង្វាន់ ៤លានរៀល និងពាន ១គ្រឿងរួមទាំងមេដាយមាស, លេខ២ ទទួលបានទឹកប្រាក់ ២លានរៀល និងមេដាយប្រាក់ រីឯលេខ៣ ទទួលបានទឹកប្រាក់ ១លាន ២សែនរៀល និងមេដាយសំរិទ្ធិ ។
លោក ឈួរ ឈុនហួរ សង្កត់ធ្ងន់ថា គោលបំណងដែលលោក បង្កើតពាននេះឡើង គឺចង់លើកកម្ពស់វិស័យកីឡា នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា កំពុងតែបំផុស ជាពិសេសជំរុញលើកទឹកចិត្ត ដល់កីឡាមិនអាជីពឲ្យចូលរួម លេងទាំងអស់គ្នា ដើម្បីសុខភាព ហើយក៏ជាការផ្សាភ្ជាប់ទំនាក់ទំនង ល្អរវាងយុវជនខ្មែរផងដែរ ៕