Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បំណងប្រាថ្នា ហុន ចាន់រាជ ត្រូវរលាយ ដោយសារទម្ងន់ ខណៈសាមីខ្លួនថា សប្បាយចិត្ត

$
0
0

ភ្នំពេញ៖ ទីបំផុតមហិច្ឆតារបស់អ្នកលេងក្បាច់គុនចម្រុះ MMA ជើងខ្លាំងកម្ពុជាកីឡាករ ហុន ចាន់រាជ ដែលមានសង្ឃឹម ស្ទើរ១០០ភាគរយ ដើម្បីដណ្ដើមយកពាន Grand Prix ក្នុងព្រឹត្តិការណ៍ ONE FC នៅយប់ថ្ងៃទី១២ ខែកញ្ញានេះត្រូវ បានរលាយសាបសូន្យទៅវិញ ហើយដោយសារតែ គ្រូបង្វឹកក្លឹប Afighter នេះមានទម្ងន់លើសពីការកំណត់ របស់ស្ថាប័ន ប៉ុន្ដែសាមីខ្លួនបានបញ្ជាក់ថា ខ្លួននៅតែសប្បាយចិត្ត លាយឡំជាមួយការ សោកស្ដាយបន្ដិចបន្ដួច ផងដែរ។

ហុន ចាន់រាជ គឺជាកីឡាករ MMA របស់កម្ពុជាមួយរូបដែលមានសក្ដានុពល ជាងគេ ដោយសារតែកីឡាករ រូបនេះ មាន ប្រវត្តិធ្លាប់ហ្វឹកហាត់ នៅសហរដ្ឋអាម៉េរិក និងធ្លាប់ឡើងប្រកួត លើសង្វៀន MMA នៅបរទេសចំនួន១៣ប្រកួត ឈ្នះ១១ និងចាញ់២ប្រកួត មុននឹងសម្រេចចិត្តមក ធ្វើជាគ្រូបង្វឹកក្នុងក្លឹប Afighter នៅស្រុកកំណើតរបស់ខ្លួនវិញ។

ស្របពេលស្ថាប័ន ONE FC ដែលជាអង្គភាពកីឡាក្បាច់គុនចម្រុះ MMA ដ៏ធំជាងគេប្រចាំទ្វីបអាស៊ីបានបង្កើតព្រឹត្តិ ការណ៍ ONE FC លើកដំបូងនៅលើទឹកដី ប្រទេសកម្ពុជា ហើយក៏បានបង្កើតពានរង្វាន់ជាតិ មួយឈ្មោះថា Featherweight Grand Prix សម្រាប់ផ្ដល់ឱកាស ឲ្យកីឡាករកម្ពុជាចំនួន៤រូប ធ្វើការប្រកួតប្រជែងនោះ កីឡាករ ហុន ចាន់រាជ ក៏បានក្លាយជាបេក្ខជន ដំបូងដែលស្ថាប័ន ONE FC ជ្រើសរើសឲ្យចូលរួមផងដែរ។

នៅពេលខ្លួនមានការបញ្ចេញសមត្ថភាពលើទឹកដី ស្រុកកំណើតខ្លួន ហុន ចាន់រាជ បានសម្ដែងក្ដីសង្ឃឹម យ៉ាងមុតមាំថា ខ្លួនប្រាកដជាឈ្នះ ពានរង្វាន់ Featherweight Grand Prix ជាមិនខាន ដោយសារខ្លួនមាន បទពិសោធន៍វាយ ដាក់ទ្រុងច្រើន ខណៈកីឡាករមិត្តរួមជាតិ ៣នាក់ផ្សេងទៀតគឺមានកីឡាករ ជិន ហេង, ចាន់ រដ្ឋា និងកីឡាករ ប្រាក់ ចាន់ស៊ីន នៅមានបទពិសោធន៍ ក្មេងខ្ចីនៅឡើយ ។

ប៉ុន្ដែទោះជាយ៉ាងណាក្ដីសង្ឃឹមនេះ មិនទាន់នឹងបានឡើងសង្វៀនផង ក៏ត្រូវរលាយអស់ ទៅវិញទាំងស្រុងនៅពេល ស្ថាប័ន ONE FC រៀបចំកម្មវិធីថ្លឹងទម្ងន់ ដែលកីឡាករ ហុន ចាន់រាជ មានទម្ងន់លើសច្រើនពេក ធ្វើឲ្យគណៈកម្មការ រៀបចំព្រឹត្តិការណ៍ ដ៏កម្រនេះសម្រេចផ្លាស់ ប្ដូរដកកីឡាករ ហុន ចាន់រាជ ចេញជំនួសវិញដោយកីឡាករ ឌុន សំអាង។

ជុំវិញការបាត់បង់មិនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE FC នាយប់នេះ ហុន ចាន់រាជ បានថ្លែងថា "ទោះបីខ្ញុំមិន បានចូលរួមក៏ពិតមែន ប៉ុន្ដែខ្ញុំនៅតែមានអារម្មណ៍ សប្បាយចិត្ដដដែលដោយសារ កីឡាករដែលត្រូវប្រកួតដណ្ដើម ពាន Featherweight Grand Prix សុទ្ធស្គាល់គ្នា រាប់អានគ្នាស្និតស្នាល ដល់អញ្ចឹងខ្ញុំគិតថា ខ្ញុំមានអារម្មណ៍ធូរស្រាល ឡើងវិញនៅពេលមិនបាន ប្រកួតជាមួយពួកគេទាំងនោះ"។

ហុន ចាន់រាជ បានបន្ដថា "ប៉ុន្ដែយ៉ាងណា ក៏ខ្ញុំមានការសោកស្ដាយខ្លះៗដែរដែលខ្ញុំមិនបាន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE FC លើកដំបូងដែលគេរៀបចំ នៅកម្ពុជានេះ ប៉ុន្ដែខ្ញុំនៅតែមានឱកាស ចូលរួមលើកក្រោយៗទៀត ព្រោះខ្ញុំមានសមត្ថភាព និងបទពិសោធន៍ ច្រើនដែលអាចចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ ដ៏ធំមួយនេះ" ។

សូមរំឮកថា សម្រាប់កីឡាករដែលត្រៀមប្រកួតដណ្ដើមពាន Featherweight Grand Prix ដើម្បីក្លាយជាជើងឯក ចេញទៅហ្វឹកហាត់នៅក្លឹប Tiger Muay Thai គឺមានកីឡាករ ឌុន សំអាង ប្រកួតជាមួយកីឡាករ ជិន ហេង និង កីឡាករ ចាន់ រដ្ឋា ជួបកីឡាករ ប្រាក់ ចាន់ស៊ីន ដោយកីឡាករ ណាឈ្នះត្រូវជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីលើកពានតែម្ដង៕


Viewing all articles
Browse latest Browse all 4895

Trending Articles