សៀមរាប៖ ក្រុមអ្នកលេងសាច់ដុំ៦២នាក់ បានចូលរួមប្រកួតប្រជែងបង្ហាញសាច់ដុំរបស់ខ្លួនដល់សាធារណជន នៅភោជនីយ៍ដ្ឋាន វិមានមង្គល ក្រុងសៀមរាប កាលពីថ្ងៃសៅរ៍ ទី0៦ ខែកញ្ញា ឆ្នាំ២០១៤ ។ ម្ចាស់តំណែងជ័យលាភី « Mr. Angkor» បានទៅលើបុរសមានសាច់ដុំស្អាត សម បូណាន កីឡាករសាច់ដុំកម្ពុជា ដែលធ្វើការនៅប្រទេសថៃ។
កម្មវិធីប្រកួតសាច់ដុំ ដែលមានឈ្មោះថា «ការប្រកួតកីឡាកាយវប្បកម្មអង្គរលើកទី៤» នេះត្រូវបានរៀបចំឡើងដោយសមាគមកាយវប្បកម្មអង្គរ (ABBA/Angkor Body Building Association) ដោយមានការគាំទ្រពីគណៈ កម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងមានការជួយជ្រោមជ្រែងពីសំណាក់ «ខេមរសហព័ន្ធកីឡាកាយវប្បកម្ម និង លំហាត់ប្រាណ កម្ពុជា (CBBFF)» ផងដែរ។
ការប្រកួតកីឡាកាយវប្បកម្មអង្គរលើកទី៤ មានកីឡាករចូលរួមប្រកួតប្រជែង ៦២នាក់ ដែលក្នុងនោះមានកីឡាករ បង្ហាញសាច់ដុំ ៣៩នាក់ និងកីឡាករសាច់ដុំ កាយសម្បទាគំរូ រាងសង្ហាបង្ហាញម៉ូដ ចំនួន ២៣នាក់។
ការប្រកួតកីឡាកាយវប្បកម្មអង្គរលើកទី៤ ត្រូវបានបែងចែកជា ៦ប្រភេទ ដោយក្នុង ១ប្រភេទៗ ត្រូវបានជ្រើស រើសផ្ដល់ពិន្ទុចំណាត់ថ្នាក់ជ័យលាភី ចាប់ពីលេខ១ ដល់លេខ៥ ។ ប្រភេទទី១ គឺការបង្ហាញសាច់ដុំរបស់កីឡាករ ក្រោមទម្ងន់ ៦០គ.ក្រ។ ហើយប្រភេទនេះ ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករឈ្មោះ មុត មេសា ពាក់ស្លាកលេខ ៩៣ មកពីខេត្តសៀមរាប។ ប្រភេទទី២ ការបង្ហាញសាច់ដុំរបស់កីឡាករ ចាប់ពីទម្ងន់ ៦០ ដល់ ៦៥គ.ក្រ បានទៅលើកីឡាករ ចាប វណ្ណនី ពាក់ស្លាកលេខ៥៨ មកពីមជ្ឈមណ្ឌលហាត់ប្រាណ ហ្កូដថែម (Good Time) រាជធានីភ្នំពេញ ។ ប្រភេទទី៣ ទម្ងន់ចាប់ពី ៦៥ ដល់ ៧០គ.ក្រ បានទៅកីឡាករ គឹម ស៊្រុន ពាក់ស្លាកលេខ ៣៩ មកពីរាជធានីភ្នំពេញ។
សម្រាប់ប្រភេទទី៤ ការបង្ហាញសាច់ដុំ របស់កីឡាករចាប់ពីទម្ងន់ ៧០គ.ក្រ ឡើងទៅ ចំណាត់ថ្នាក់លេខ១ បាន ទៅលើកីឡាករ សម បូណាន ពាក់ស្លាកលេខ៨៧ ជាកីឡាករកម្ពុជាធ្វើការនៅប្រទេសថៃ ។ ប្រភេទទី៥ គឺការបង្ហាញ សាច់ដុំរបស់កីឡាករដែលមានអាយុលើសពី ៤០ឆ្នាំ ( Master Categories ) ចំណាត់ថ្នាក់លេខ១ បាន ទៅលើ កីឡាករ តឹក ប៊ុនវី ពាក់ស្លាកលេខ៥៩ ជាកីឡាករខេត្តសៀមរាប ។ ចំពោះវិញ្ញាសារចុងក្រោយ គឺការដើរ ម៉ូដ របស់ បុរសសាច់ដុំសម្បទាគំរូ រាងសង្ហារ ( Fitness Physique Model Categories ) ដែលក្នុងចំណោម ២៣នាក់ បាន ចូលរួមប្រកួត គឺកីឡាករ អ៊ឹម ច័ន្ទតារារិទ្ធ ពាក់ស្លាកលេខ ២០ ដណ្តើមជ័យលាភីទទួលបាន ចំណាត់ថ្នាក់លេខ១។
សម្រាប់ការប្រកួតកីឡាករកាយវប្បកម្ម ដែលទទួលបានចំណាត់ថ្នាក់ លើគ្រប់វិញ្ញាសារ ចាប់ពីលេខ១ ដល់លេខ ៥ ទាំង ៦ប្រភេទ ត្រូវបានកម្មវិធីប្រកួត រៀបចំឲ្យមានការប្រឡងប្រជែងដណ្តើមយកអ្នកឈ្នះកាន់តំណែងជា Mr. Angkor ឆ្នាំ២០១៤ ។ ជាលទ្ធផលតំណែង Mr. Angkor ប្រចាំឆ្នាំ២០១៤នេះ គឺបានទៅលើកីឡាករ សម បូណាន ពាក់ស្លាកលេខ៨៧ ជាកីឡាករជាប់ចំណាត់ថ្នាក់លេខ១ ទម្ងន់ ៧០គ.ក្រ ឡើងទៅ ដែលជាកីឡាករ សាច់ដុំកម្ពុជា ធ្វើការនៅប្រទែសថៃ។ គណកម្មការរៀបចំការប្រកួតនេះ បានប្រកាសឲ្យដឹងដែរថា ការប្រកួត កីឡាកាយវប្បកម្មអង្គរ លើកទី៥ នឹងត្រូវបានជួបគ្នាសារជាថ្មី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ផងដែរ៕