ក្រុងបាសេឡូណា៖ ក្រោយពីមិនអាចផ្តួលក្រុមភ្ញៀវ Atletico Madrid ក្នុងទឹកដីខ្លួនឯង បានដោយរក្សាលទ្ធផលស្មើ ១-១ រឹតតែធ្វើឲ្យក្រុម Real Madrid ស្វិតស្វាញខ្លាំងឡើង ក្នុងការប្រជែង យកពានបើករដូវកាល Spain-Super Cup នាម៉ោង ០៣ និង ៣០នាទីទៀបភ្លឺ (ម៉ោងនៅកម្ពុជា) នៅទឹកដីក្រៅផ្ទះ ។
ការប្រកួតក្នុងជើងទី២ចុងក្រោយ សម្រាប់ក្រុមរបស់លោក Carlo Ancelotti នៃកីឡដ្ឋាន Vicente de Ceron ទល់នឹង ក្រុមជើងឯក La Liga BBVA ដោយតម្រូវឲ្យក្រុមស្តេចស Real Madrid ទម្លុះសំណាញ់ទី ក្រុមរបស់ លោក Diego Simeone ឲ្យទាល់តែបាន នៅក្រោយពេលដែល បានរបូត ១គ្រាប់ក្នុងទឹកដី ប្រសិនបើចង់លើកពាន ដំបូងមួយនេះមែននោះ ក្រៅពីប៉ុន្មានប្រកួតមិត្តភាពមកនេះ លេងមិនសូវល្អសោះរបស់ Real ។
ប្រវត្តិជួបគ្នា៣ប្រកួតចុងក្រោយ នៅទឹកដី Atletico ក្រុមអ្នកមានស្តេចសលេង មិនដែលចាញ់សោះ ពោលគឺឈ្នះ២ និងស្មើ១ ទាំងក្នុងព្រឹត្តិការណ៍ពានរង្វាន់ La Liga និង Copa del Rey របស់អេស្ប៉ាញ និងបានបំបាក់ក្រុមឈរ នៅចំណាត់ថ្នាក់លេខ៣របស់ អេស្ប៉ាញមួយនេះ រហូតដល់ទៅ ៤-១ កាលពីវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលមុន ។
សមាជិកចំណូលថ្មី២រូប Toni Kroos និង James Rodriguez នៅតែស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូង របស់គ្រូបង្វឹក ជនជាតិអ៊ីតាលី Ancelotti ដដែល ខណៈដែល Ronaldo កំពុងតែស្ថិត ក្នុងភាពស្រពិចស្រពិល ដោយសារបញ្ហារបួស កាលពីប្រកួតស្មើ ១-១ ក្នុងជើងទី១សប្តាហ៍មុន ។ តារាដែលជួយឲ្យ Atletico តាមបានស្មើវិញ Raul Garcia ក៏ត្រូវ លេងក្នុងជម្រើសដំបូងផងដែរ ដោយនឹងចាប់ដៃគូ ជាមួយនឹង សមាជិកថ្មី Mario Mandzukic មកពីក្លឹប Bayern Munich ជំនួសកន្លែងកីឡាករខ្សែប្រយុទ្ធ ដែលបានចាកចេញពី ទឹកដីអេស្ប៉ាញ ទៅចូលរួមលេងឲ្យក្លឹប Chelsea របស់ អង់គ្លេសនោះ ក្នុងរដូវកាលនេះ ៕