ភ្នំពេញ៖ នៅពេលនេះឱកាសនៃការឡើង ទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ស្ដេចប្រ៊ុយណេ លើកទី៥ (Hassanal Bolkiah Trophy 2014) របស់ក្រុមជម្រើសជាតិ យុវជនក្រោមអាយុ ២១ឆ្នាំ(U-21)កម្ពុជា ចាប់ផ្ដើមមានសង្ឃឹម ច្រើនឡើងវិញហើយ ក្រោយបំបាក់ក្រុមបាតតារាង U-19 ឥណ្ឌូនេស៊ី ក្នុងលទ្ធផលបច្ចេកទេស ២-១ នៅល្ងាចថ្ងៃទី១៦ ខែសីហាអំបាញ់មិញនេះ ។
ដើមតង់ទី១ កីឡាករ សុខា សុវណ្ណា បានជួយក្រុម U-21កម្ពុជាឲ្យនាំមុខមុន ១គ្រាប់នៅនាទី២៣ ខណៈកីឡាករ Dimas Drajad បានតែតបាល់បញ្ចូលទីកម្ពុជាតាមស្មើ ១-១ វិញនៅនាទី៤០ ប៉ុន្ដែប្រធានក្រុម U-21កម្ពុជា កីឡាករ គួច សុកុម្ភៈ ក៏បានរកគ្រាប់បាល់នាំមុខលើកទី២ ឲ្យកម្ពុជាវិញភ្លាមៗផងដែរ មុននឹងអាជ្ញាកណ្ដាលផ្លុំកញ្ចែ បញ្ចប់តង់ទី១នេះ ពោលគឺបញ្ចប់ត្រឹមលទ្ធផល បណ្ដោះអាសន្ន U-21កម្ពុជា ២-១ U-19ឥណ្ឌូនេស៊ី ។
ចូលតង់ទី២ ក្រុម U-19 ឥណ្ឌូនេស៊ី ព្យាយាមវាយបកយ៉ាងខ្លាំងមកលើក្រុម U-21កម្ពុជា ក្នុងនោះក៏មានឱកាសស៊ុតជាច្រើនលើកដែរ តែមិនបានសម្រេច ។ សម្រាប់កីឡាករ U-21កម្ពុជាក៏មិនអន់ដែរ ប៉ុន្ដែមានកីឡាករខ្លះ ត្រូវជួបគ្រោះថ្នាក់នៅលើទីលាន ស្របពេលកីឡាករក្រុម U-19ឥណ្ឌូនេស៊ី លេងកាចៗនោះ ។ យ៉ាងណាក៏ដោយ ក្នុងតង់ទី២នេះ គ្មានកីឡាករក្រុមណា អាចទាត់បាល់បំបែកពងមាន់បានឡើយ ចប់ការប្រកួតពេញម៉ោងក្រុម U-21កម្ពុជា ឈ្នះក្រុម U-19 ឥណ្ឌូនេស៊ី ២-១តែម្ដង ។
នេះគឺជាជោគជ័យដ៏សំខាន់បំផុត សម្រាប់ក្រុម U-21កម្ពុជា ក្នុងការរកបាន ៣ពិន្ទុបន្ថែម បន្ទាប់ពីប្រកួតក្រុម U-21ម៉ាឡេស៊ី ១-០ កាលពីថ្ងៃទី១៣ សីហាកន្លងទៅ ។ ប៉ុន្ដែមកដល់ពេលនេះ សម្រាប់ ៤ប្រកួតរបស់ក្រុម U-21កម្ពុជា គឺរកបាន ៩ពិន្ទុហើយ ឈរលេខរៀងទី២ ក្នុងតារាងពូលB ខណៈក្រុមម៉ាឡេស៊ី រកបាន ៣ពិន្ទុបន្ថែមទៀត ក្រោយបំបាក់ក្រុមសិង្ហបុរី ដោយលទ្ធផល ៣-០ ដើម្បីរក្សាតំណែងកំពូលតារាងពូលB ដែលរកបានពិន្ទុសរុប ១០ពិន្ទុឯណោះ ។
ទោះបីជាយ៉ាងណាក្រុម U-21កម្ពុជា នៅមិនទាន់មានសង្ឃឹម ១០០% ថាអាចបានឡើងទៅប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនោះទេ ព្រោះត្រូវឆ្លងកាត់មួយប្រកួតទៀត ជាមួយក្រុមខ្លាំង U-19វៀតណាម នៅថ្ងៃទី១៨ សីហាខាងមុខនេះ បើឈ្នះ ឬស្មើ ក្រុម U-19វៀតណាម ទើបក្រុម U-21កម្ពុជា មានសិទ្ធិឡើងទៅប្រកួតវគ្គបន្ដ ៕