ក្រុងស៊ូរិច៖ កីឡាករខ្សែប្រយុទ្ធលេខ១ Cristiano Ronaldo របស់ក្លឹប Real Madrid និង២នាក់ទៀតមាន Arjen Robben និងអ្នកចាំទី Manuel Neuer មកពីក្លឹប Bayern Munich បានឈានដល់ វគ្គផ្តាច់ព្រ័ត្រក្នុងការ ប្រជែងយកពាន ក្នុងនាមជាកីឡាករ លេងល្អបំផុតប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០១៣-២០១៤ ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានបញ្ជាក់ឲ្យដឹងថា លទ្ធផលចុងក្រោយ នឹងត្រូវបានប្រកាសឲ្យដឹង ជាផ្លូវការនាំថ្ងៃទី១៨ ខែសីហាសប្តាហ៍ ក្រោយនេះហើយ បន្ទាប់ពីថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីបច្ចេកទេសរបស់ UEFA និងក្រុមអ្នកសារព័ត៌ មានបានចូលរួម ធ្វើការបោះឆ្នោតសម្រេច ចុងក្រោយនោះ ។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយដែលសហព័ន្ធគ្រប់គ្រងកីឡាប្រចាំទ្វីបអឺរ៉ុប UEFA បានរៀបចំពាននេះឡើង ខណៈដែលខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប FC Barcelona ឈ្នះមុនគេនាឆ្នាំ២០១១ បន្ទាប់មកមិត្ត រួមខ្សែបម្រើ Andres Iniesta នាឆ្នាំ២០១២ និងខ្សែប្រយុទ្ធ ជនជាតិបារាំង Franck Ribery មកពីក្លឹប Bayern Munich ឈ្នះនៅ ឆ្នាំ២០១៣ ។
អ្នកចាំទីជនជាតិអាល្លឺម៉ង់ Manuel Neuer បានក្លាយទៅជាអ្នកចាំទី ដ៏ល្អមួយរូបដែល បានជួយឲ្យក្លឹប Bayern ឈ្នះពានដល់ទៅ៣ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤ នេះឈ្នះពានបាន២ មុនទៅឈ្នះស្រោមដៃមាសនៅ World Cup ប្រចាំឆ្នាំ២០១៤នៅប្រេស៊ីល ជាមួយនឹងការជួយឲ្យ អាល្លឺម៉ង់ ឈ្នះពាន World Cup បានសម្រេចផងដែរនោះ ស្រប ពេលដែលខ្សែប្រយុទ្ធ ជំនាញជើងឆ្វេង Arjen Robben ស៊ុតបញ្ចូលទីបាន១៧ឲ្យ Bayern និងស៊ុតបាន៣គ្រាប់ ឲ្យក្រុមជម្រើសជាតិ ហូឡង់នៅ World Cup ។
ដូចគ្នានោះដែរ Ronaldo រឹតតែមិនធម្មតាដែលបាន ជួយឲ្យក្លឹបជើងខ្លាំង Real Madrid ឈ្នះពានដល់ទៅ២គឺ UEFA Champions League និង Copa del Rey កាលពីរដូវកាលមុន និងទើបតែជួយឲ្យឈ្នះពាន UEFA Super Cup ១ទៀតផងដែរ ក្រោយស៊ុតបញ្ចូលទីបាន២គ្រាប់ឈ្នះ Sevilla ២-០ នៅទីក្រុង Cardiff ក្នុងទឹកដីអង់គ្លេសកាលពីថ្ងៃអង្គារ ទី១២ ខែសីហាដោយបានស៊ុត បញ្ចូលទីបានចំនួន៥១គ្រាប់ ច្រើនជាងគេ និងបានឈ្នះពាន Goal 50 មួយផងដែរនៅទឹកដីអាម៉េរិក ក្នុងខណៈដែល Real កំពុងប្រកួតពានអន្តរជាតិនោះ ៕