ភ្នំពេញៈ បន្ទាប់ពីជួយឲ្យក្លឹបភ្នំពេញក្រោន លើកពាន Metfone Cambodia League(MCL) ឆ្នាំ២០១៤រួចមក ខ្សែបម្រើកូនកាត់ខ្មែរ-បារាំងកីឡាករ ធារី ចាន់ថាប៊ីន បានសម្រេចចិត្តបន្ដកិច្ចសន្យារយៈពេល២ឆ្នាំទៀត ដើម្បីរួមរស់ជួយដល់ក្លឹបជើងឯកមួយនេះ ក្នុងយុទ្ធនាការប្រកួតបាល់ទាត់ League រដូវកាលក្រោយ និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗខាងមុខ ។
ជុំវិញការចុះកិច្ចសន្យាសារជាថ្មីកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ កីឡាករ ធារី ចាន់ថាប៊ីន បានសម្ដែងការត្រេកអរយ៉ាងខ្លាំង ដែលបានបន្ដលេងនៅកម្ពុជា ជាពិសេសគឺបានលេងជាមួយ មិត្តរួមក្រុមក្នុងក្លឹប ភ្នំពេញក្រោនតែម្ដង ។
កីឡាករកូនកាត់ខ្មែរ-បារាំងខាងលើនេះ បានសរសេរលើ Facebook របស់ខ្លួនថា “ខ្ញុំសប្បាយរីករាយណាស់ ដែលបានបន្តលេងឲ្យក្លឹប នៅកម្ពុជា ព្រោះខ្ញុំស្រលាញ់ ក្លឹបភ្នំពេញក្រោន និងមិត្តរួមក្រុមរបស់ខ្ញុំ ជាពិសេសគឺខ្ញុំមានឱកាស ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC-Cup នៅឆ្នាំក្រោយ” ។
ធារី ចាន់ថាប៊ីន បានបន្ដថា នៅពេលឃើញក្លឹបភ្នំពេញក្រោន ទទួលបានជោគជ័យក្នុងការដណ្ដើម បានតំណែងជើងឯកពាន MCL ឆ្នាំ២០១៤នេះ លោកក៏អបអរសាទរដែរ ប៉ុន្ដែលោកអន់ចិត្តបន្ដិច ដែលមិនអាចលេងឲ្យ ក្លឹបពេញមួយរដូវកាលបាន ដោយសារបញ្ហារបួស ។ ចំពោះកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំទៅមុខទៀតនេះ កីឡាករខ្សែបម្រើដ៏លេចធ្លោរក្នុងក្លឹបរូបនេះ បានប្ដេជ្ញាចិត្តថា នឹងខិតខំលេងឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីជួយក្លឹបការពារតំណែង ជើងឯករដូវកាលក្រោយ ។
ក្នុងកិច្ចសន្យាថ្មី ២ឆ្នាំទៀតនេះដែរ គ្រូបង្វឹកក្លឹបភ្នំពេញក្រោនលោក Sam Schweingruber ក៏បានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំផងដែរ ក្នុងការដណ្ដើមជ័យជំនះ ពីការប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសគឺការការពារ តំណែងជើងឯកតែម្ដង ។ សំខាន់ជាងនេះទៅទៀតកីឡាករ ធារី ចាន់ថាប៊ីន នឹងក្លាយជាតារាបាល់ទាត់ដ៏មុតស្រួច ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ Suzuki-Cup នាពេលខាងមុខនេះផងដែរ ៕